(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ទៅកាន់យុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេនក្នុងការដឹកនាំក្នុងមូលដ្ឋាន នាពេលអនាគត ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្វែងយល់ពន្លូត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំពោរពេញដោយថាមពល។

ការជំរុញបែបនេះរបស់លោកអភិបាលខេត្តកំពត បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងកំពត អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំបត។

នាឱកាសនោះលោកអភិបាលខេត្តកំពត ក៏បានណែនាំដល់យុវជនជំនាន់ក្រោយ ត្រូវយកគំរូល្អពីថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការផ្តល់ភាពសុខសាន្តជូនពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ ការអភិវឌ្ឍមូលធនមនុស្ស ក៏ស្ថិតក្នុងវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ។

លោកអភិបាលខេត្ត បានលើកឡើងថា ដើម្បីសំដៅលើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងន័យកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ឱ្យអនុវត្តន៍ ក្នុងនោះមានវិស័យអាទិភាពសំខាន់ៗចំនួន៥។

លោកអភិបាលខេត្ត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានគិតគូយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍមូលធនមនុស្ស ដែលជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៥ ដូច្នេះចូរយុវជនជំនាន់ក្រោយខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយជាអ្នកដឹកនាំល្អនាថ្ងៃអនាគតដែលពោពេញដោយថាមពល។

ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ធនិន បានកោតសរសើរក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពត នាអាណត្តិទី៣ កន្លងមក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងស្អិតរមួត ក្នុងការរួមគ្នាអភិវឌ្ឍន៍ មូលដ្ឋាន ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ ពិសេសរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសម្រេចបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងការសម្រេចលទ្ធផលល្អប្រសើរកន្លងមក លោកអភិបាលខេត្តក៏បានជំរុញឱ្យក្រុមប្រឹក្សាក្រុង-ស្រុកដែលទើបតែងតាំង និងប្រកាសចូលកាន់មុខតំណែងថ្មីទាំងអស់ ត្រូវបន្តរួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដើម្បីបន្តផ្តល់ភាពសុខសាន្តអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋ យកសុខទុក្ខពលរដ្ឋនៅមូលដ្ឋានខ្លួនជាធំ ពិសេសធ្វើជាគំរូល្អដល់យុវជនជំនាន់ក្រោយ៕