(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញបើកអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY លើកទី៧ ឆ្នាំ២០២៤ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

ពិធីនេះបានធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលមានការចូលរួមពីលោក លោកស្រី តំណាងតំបន់សេដ្ឋកិច្ចពិសេស តំណាងរោងចក្រ សហគ្រាសនិងលោក នាយករង លោក លោកស្រីប្រធានការិយាល័យ ដេប៉ាតឺម៉ង់ លោកគ្រូ អ្នកគ្រូ លោកនាយក វិទ្យាល័យទាំង៣រួមមានវិទ្យាល័យស្វាយរៀង វិទ្យាល័យហ៊ុន សែនចេក វិទ្យាល័យហ៊ុន សែនស្វាយជ្រំ សិស្ស និស្សិត យុវជនសសយក ក្រុងស្វាយរៀង ក្រុមនិស្សិត សសយក ក្រុមនិស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អមត) និងក្រុមនិស្សិតសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រុម១៨។

ក្នុងឱកាសនោះលោកមុត ចិន្តា បានលើកឡើងថា បច្ចុប្បន្នវិទ្យាស្ថានមានអគារសរុបចំនួន ៥អគារ អគាររដ្ឋបាល១ អគារសិក្សា២អគារ អគាររោងជាង ១អគារ អគារអន្តវាសិកដ្ឋាន ១អគារ និងរោងជាងជួសជុលរថយន្ត ២រោងជាង។ វិទ្យាស្ថានមាននាយក១រូប នាយករង៤រូប ការិយាល័យចំនួន៥ ដេប៉ាតឺម៉ង់ ចំនួន០៦ មានបុគ្គលិកសរុបចំនួន ៦៥នាក់ ស្រី ០៩នាក់ គ្រូបច្ចេកទេសជាប់កិច្ចសិន្យា០៦រូប ស្រី០២រូប និងបុគ្គលិកអនាម័យ សន្តិសុខ០៩រូប ស្រី ០៧រូប សរុប៨០នាក់ ស្រី១៧នាក់។

លោកបានបន្ថែមថា វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមា ន៥វិស័យ មានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យាដោយបច្ចុប្បន្នវិទ្យាស្ថានមានសិស្ស និស្សិតកំពុងសិក្សាសរុបចំនួន ១៧០១នាក់ ស្រី៥១៨នាក់។

លោកបានគូសបញ្ជាក់ថា វិទ្យាស្ថានមានកិច្ចសហការ និងការចុះអនុសារណៈយោគយល់ជាមួយស្ថាប័នបណ្តុះបណ្តាល និងសហគ្រាស ក្រុមហ៊ុន ក្នុងប្រទេស និងក្រៅប្រទេសក្នុងនោះ ក្នុងប្រទេស វិទ្យាស្ថានក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរោងចក្រ សហគ្រាស ក្រុមហ៊ុនសរុបចំនួន៣០។ ដោយឡែកនៅក្រៅប្រទេសមានវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យនៅប្រទេសវៀតណាមចំនួន២។ វិទ្យាស្ថានបច្ចេកទេស នៅប្រទេសចិន ចំនួន៣។

លោកបានបន្ថែមថា វិទ្យាស្ថានត្រូវបានវាយតម្លៃទទួលស្គាល់គុណភាព ដោយក្រុមការងារទទួលស្គាល់គុណភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយទទួលបាននិទ្ទេសល្អ។ វិទ្យាស្ថានត្រូវបានវាយតម្លៃទទួលស្គាល់គុណភាព ISO 9001-2015 ដោយក្រុមហ៊ុន Guadian International Certificate Ltd. ដែលបានចុះបញ្ជីនៅប្រទេសអង់គ្លេស។

ជាមួយគ្នានេះលោកមុត ចិន្តា ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុន និងរូបវន្តបុគ្គល ដែលមានជំនាញហើយ មិនទាន់មានសញ្ញាបត្រ សូមចុះឈ្មោះចូលរួមធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីទទួលបានសញ្ញាបត្រ។

លោកបានបន្ថែមថា ទិសដៅបន្តរបស់វិទ្យាស្ថានរួមមាន បន្តពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដោយបញ្ជូនទៅក្រៅប្រទេស តាមរយៈក្រសួង និងដៃគូនានា និងការពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យស្របនឹងតម្រូវការទីផ្សារការងារ។ បន្តផ្សព្វផ្សាយ និងចុះជ្រើសរើសសិក្ខាកាម សិស្ស គ្រប់កម្រិតសិក្សា ជាពិសេសសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីបើកវគ្គបណ្តុះបណ្តាលជំហានបន្តបន្ទាប់។ បន្តចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តដើម្បីលើកទឹកចិត្តកម្មករ កម្មការិនីឱ្យចុះឈ្មោះវាយតម្លៃធ្វើតេស្តសមត្ថភាព ដើម្បីទទួលបានសញ្ញាបត្រទៅតាមកម្រិតជំនាញរបស់ខ្លួន។ បង្កើនកិច្ចសហការជាមួយរោងចក្រសហគ្រាសបន្ថែមទៀត ដើម្បីទទួលសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាឱ្យចុះកម្មសិក្សា និងការងារ តាមតួនាទី និងសមត្ថភាពរបស់ពួកគាត់៕