(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងធ្វើស្លាកយីហោមួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតម៉ូតូចំនួន០៤គ្រឿង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្ត ពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចឃ្លាំងធ្វើស្លាកយីហោ ផ្លូវបេតុង ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh Newsថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយទទួលបានបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯកបានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៦គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់៦៤ឡាន ស្មើរនឹង២៥៦ម៉ែត្រគូប​។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ ដែកប្រក់ស័ង្កសី ទំហំ (១២ម៉ែត្រ x ៣០ម៉ែត្រ) ឆេះខូចខាតឃ្លាំងធ្វើស្លាកយីហោ ទំហំ ១២ម៉ែត្រ x ៣០ម៉ែត្រ រួមទាំងម៉ូតូចំនួន០៤គ្រឿងអស់ទាំងស្រុង​ ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ២និង០០នាទីរសៀលនាថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លង​ចរន្តអគ្គីសនីបង្កជាអគ្គិភ័យ តែមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕