(កំពង់ឆ្នាំង)៖ ឧកញ៉ា គិត ស៊ូឡា ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាកូនប្រុសរបស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញនូវភាពស្វាហាប់របស់ខ្លួន ប្រឡូកក្នុងវិស័យជំនួញកាន់តែខ្លាំងក្លា តាមរយៈការបង្ហាញវត្តមានឡើងសុន្ទរកថា លើវេទិកាសម្ពោធសាខាថ្មីរបស់ធនាគារ វីង នៅក្រុងកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ វីង គេឃើញមានវត្តមានចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, តំណាងធនាគារជាតិនៃកម្ពុជា, បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀត។

ថ្លែងក្នុងពិធីសម្ពោធសាខាថ្មីរបស់ធនាគារ វីង នៅក្រុងកំពង់ឆ្នាំង ឧកញ៉ា គិត ស៊ូឡា បានថ្លែងពីការរីកចម្រើនរបស់ធនាគារ វីង ដែលបន្តពង្រីកខ្លួនជាបន្តបន្ទាប់ ជាមួយការផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប រួមបញ្ចូលទាំងសេវាកម្មតាមឌីជីថលផងដែរ ដើម្បីគាំទ្រដល់សហគមន៍ អនុញ្ញាតឱ្យពួកគាត់ងាយស្រួល ក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុចាំបាច់នានា សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឧកញ៉ា គិត ស៊ូឡា បានថ្លែងទៀតថា ការរីកចម្រើនរបស់ធនាគារ វីង បានផ្តល់នូវមោទនភាព សម្រាប់ រ៉ូយ៉ាល់ គ្រុប។

ឧកញ៉ាវ័យក្មេងរូបនេះ បានលើកឡើងថា «ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្រចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ក្នុងការធ្វើពិពិធកម្ម និងលើកកម្ពស់ផលប័ត្រឌីជីថលរបស់ខ្លួន។ ការរួមបញ្ចូលគ្នានៃសេវាកម្មតាមឌីជីថល និងនៅតាមទីតាំងនានារបស់ខ្លួន បានជំរុញឱ្យធនាគារ វីង អាចបង្កើនភាពប្រកួតបប្រជែងរបស់ខ្លួនកាន់តែខ្លាំងជាងមុន ហើយនេះក៏ជាមោទនភាពមួយសម្រាប់រ៉ូយ៉ាល់គ្រុបផងដែរ»

ឧកញ៉ា គិត ស៊ូឡា បានបន្ថែមថា «រូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលឃើញសមាជិករបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានការរីកចម្រើន និងបានប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីគាំទ្រសហគមន៍នានា។ វាជាសក្ខីភាពមួយ ចំពោះការខិតខំប្រឹងប្រែរបស់ធនាគារ វីង ហើយក៏ជាតម្លៃរួមមួយ ដែលពួកយើងប្រកាន់ខ្ជាប់ផងដែរ»។

សូមជម្រាបថា សាខាថ្មីខេត្តកំពង់ឆ្នាំង មានសេវាកម្មរួមមាន៖ ប្រាក់បញ្ញើ, ប្រាក់កម្ចី, ធានារ៉ាប់រង, ផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ, ទូទាត់វិក្កយបត្រ, ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ព្រមទាំងមានសេវាកម្មជាច្រើនទៀត។ ខណៈពេលដែលកំពុងរង់ចាំធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ អតិថិជនអាចរីករាយជាមួយកន្លែងរង់ចាំដ៏មានផាសុកភាព និងទំនើបបំផុត ហើយក៏អាចរីករាយទទួលទានកាហ្វេ និងទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ពីហាង Coffee Hub ដែលមានទីតាំងនៅខាងក្នុងសាខាតែម្តង។

ដោយមានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក ភ្នាក់ងារវីង ១ម៉ឺន១០០០ទីតាំង ដៃគូអាជីវកម្មប្រមាណ ១៦ម៉ឺន ៥០០០ ព្រមទាំងមានអតិថិជនប្រើប្រាស់ជាង ១៤.៥លានគណនី ធនាគារ វីង បានក្លាយជាធនាគារឌីជីថល រីកចម្រើនយ៉ាងឆាប់រហ័សមួយ នៅក្នុងប្រទេសកម្ពុជា។

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២៤។

លោកឧកញ៉ា គិត ស៊ូឡា ដែលពេលនេះមានវ័យ ១៩ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។

ដោយទទួលបានការអប់រំ នៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយ ក្នុងប្រទេសសិង្ហបុរី លោកឧកញ៉ា ស៊ូឡា បាននិងកំពុងបញ្ចេញសមត្ថភាពរបស់ខ្លួន ក្នុងការខិតខំប្រឹងប្រែង ចូលរួមជំរុញការរីកចម្រើនរបស់ក្រុមហ៊ុន៕

http://image.freshnewsasia.com/2021/id-132/fn-2024-06-14-12-12-59-0.jpg