(កំពង់ធំ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មដូចជាតាមខ្យុះ ម៉ាត តូបលក់ភេសជ្ជៈ និងក្លិបផ្សេងៗ ហើយថែមទាំង ប្រមូលសិស្សានុសិស្សមួយចំនួនដែលមិនចូលរៀន ចេញពីរៀនហើយទៅនៅតាមកញ្ចុះនោះ ដើម្បីនាំយកទៅអប់រំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើមិនសមរម្យទាំងឡាយនោះ។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង។ លោកអធិការបានឱ្យដឹងថា អនុវត្តតាមសេចក្តីណែនាំលេខ ៦៤៣៧ របស់រដ្ឋបាលខេត្តកំពង់ធំ និងមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្ទោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនានា បានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មដូចជាតាមខ្យុះ ម៉ាត តូបលក់ភេសជ្ជៈ និងក្លិបផ្សេងៗ។

លោកបានបន្តថា កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងខ្យុះ កន្លែងលក់ភេសជ្ជៈដែលមានសិស្សសាលាគេច និងឆ្លៀតម៉ោងទំនេរចូលទៅលេងហ្គេម ជប់បារីអេឡិចត្រូនិក និងសកម្មភាពមិនសមរម្យមួយចំនួនទៀត ព្រមទាំងហៅអាណាព្យាបាលមកស្តាប់ការអប់រំរបស់សម្ថកិច្ច ជួយតាមដានកូនរបស់ខ្លួន ឱ្យចេះសហការជាមួយគ្រូបង្រៀនអំពីសកម្មភាពរបស់កូនក្នុងពេលសិក្សា។

សូមជម្រាបថា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំបានសេចក្តីណែនាំឱ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងអ្នកមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគ្រប់សាលា ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕