(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមវត្តមានរបស់លោកស្រី ម៉ននី រង្សី អភិបាលខេត្តសៀមរាប និងលោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, លោកបណ្ឌិត ម៉ប ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ, លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងលោក លោកស្រី តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្សជាច្រើនចូលរួមផងដែរ។

លោកបណ្ឌិត ម៉ប ស៊ីនួន បានលើកឡើងថា មកដល់បច្ចុប្បន្ននេះនៅក្នុងឆ្នាំ២០២៣-២០២៤នេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅក្នុងឆ្នាំ២០២៣-២០២៤នេះ មានសិស្ស និស្សិតកំពុងសិក្សា១៨៤៣នាក់ នៅក្នុងនោះ ស្រីមាន ៣៨០នាក់  មានកម្រិតវិស្វករចំនួន ១០៨នាក់, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសមានចំនួន ៩៦១នាក់ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ មួយកម្មវិធី (១.៥លាននាក់) ជាគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ លើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួន ៧៧៤នាក់ ដែលនៅក្នុងនោះយើងបណ្តុះបណ្តាលទៅលើវិស័យ ដូចជា៖ វិស័យសំណង់ វិស័យអគ្គសនី វិស័យអេឡិចត្រូនិច បរិក្ខារត្រជាក់ ព័ត៌មានវិទ្យា និងលេខរថយន្តជាដើម។

លោកបណ្ឌិតបន្តថា កម្មវិធីបណ្តុះបណ្តាល ១.៥លាន ក្រោយពីប្រកាសអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត វិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាល ហើយមកដល់បច្ចុប្បន្នមាន២ដំណាក់កាល ក្មុងនោះដែរ ដំណាក់កាលទី១ បានបណ្តុះបណ្តាលបានចំនួន ៥២៦នាក់ និងដំណាក់កាលទី២ បានបណ្តុះបណ្តាលបានចំនួន ២៤៨នាក់ ដែលបច្ចុប្បន្ន សិស្ស និស្សិត និងសិក្ខាកាម ដែលកំពុងបណ្តុះបណ្តាល និងតេសបញ្ចប់សមត្ថភាពចំនួន ១៨៨នាក់។ ហើយសិស្ស និស្សិត និងសិក្ខាកាម ដែលបានបញ្ចប់នៅវិទ្យស្ថាន មាន៩៦ភាគរយដែលមានការងារធ្វើ ក្នុងនោះដែរ ៧៥ភាគរយ បានបំពេញការងារនៅតាមសហគ្រាស ក្រុមហ៊ុន, ១ភាគរយក្នុងស្ថាប័នរដ្ឋ, ១ភាគរយជាមួយអង្គការក្រៅរដ្ឋាភិបាល និង២១ភាគរយទៀតប្រកបអាជីវកម្ម និងជាមួយគ្រួសារ។

បន្ទាប់ពីលោកបណ្ឌិត ម៉ប ស៊ីនួន បានលើកឡើងអំពីស្ថានភាពរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គររួចមក លោក ច័ន្ទ សុខុមចិត្តា បានអាចនៅសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្វេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកស្រី ម៉ននី រង្សី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នៅក្នុងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដែលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធការពារសង្គម ដែលអាចធានាបាននូវប្រសិទ្ធភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងការពង្រឹង និងអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែរឹងមាំ ឆ្លើយតបបានទៅនឹងសំណូមពររបស់យុវជន និងតម្រូវការទីផ្សារការងារ ដែលជាខឿនមួយយ៉ាងរឹងមាំសម្រាប់ការគាំពារ និងផ្តល់ជំនឿជាក់ដល់ប្រជាពលរដ្ឋ ពិសេសយុវជន ដែលជាកម្លាំងចលនកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកស្រី ម៉ននី រង្សី បានបន្តថា ការលើកកម្ពស់ជំនាញ សមត្ថភាព ឥរិយាបថបទការងារ និងផលិតភាព ជាមួយនឹងការលើកកម្ពស់កិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ កំណត់ជាគោលដៅអាទិភាពខ្ពស់ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងគោលបំណងពង្រឹងភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ការធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារកាន់តែប្រសើរ និងការបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់ះអវិជ្ជមានណាមួយដែលកើតឡើងជាយថាហេតុ។

លោកស្រី បន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ កម្មវិធីបណ្តុះបណ្តាលជំនាញត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ​ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត។ ទន្ទឹមនឹងនេះ របបសន្តិសុខសង្គម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងធានាសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោកស្រីបញ្ជាក់ថា នេះគឺជាចក្ខុចិស័យច្បាស់លាស់ និងមុតស្រួចក្នុងការផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយ ដើម្បីទទួលបានឱកាសការងារ និងបង្កើតការងារដោយខ្លួនឯងប្រកប​ដោយ​ភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ដោយឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចេរភាព ភាពធន់ និងបរិយាបន្ន៕