(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងសម្របសម្រួលចរាចរណ៍តាមសេចក្តីជូនដំណឹងការរៀបចំ កែសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុងភូមិសាស្ត្រ ផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សូមបញ្ជាក់ថា ក្រោយសង្កេតឃើញពីស្ថានភាពចរាចរនៅចំណុចរង្វង់មូលគួចកាណុង (ស្ពានជ្រោយចង្វារ) មានការកកស្ទះជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរៀបចំកែសម្រួលប្រព័ន្ធចរាចរ នៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុងនេះឡើងវិញ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងសមស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុង ដូចខាងក្រោម៖

*ទី១៖ ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស
*ទី២៖ ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០
*ទី៣៖ រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០
*ទី៤៖ រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។

គម្រោងខាងលើនេះ ដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី០៧ ខែមិថុនា ឆ្នាំ២០២៤តទៅ អាស្រ័យហេតុនេះសូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខាងលើ មេត្តាយោគយល់ និងចូលរួមសហការតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕