(ភ្នំពេញ)៖ រយៈពេល ១១ម៉ោងនិង៥០នាទី តាំងពីវេលាម៉ោង ២និង៥០នាទីយប់រំលងអាធ្រាត រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបអាចគ្រប់គ្រង គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះឃ្លាំងស្តុបបារី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងកត់ស្លុតយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្បែរទីតាំងនេះតែម្ដង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុបបារី មួយកន្លែង ដែលស្ថិតនៅផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ដោយនៅក្នុងឃ្លាំងស្តុបបារីខាងលើនេះ ជាប្រភេទថ្នាំជក់។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើង ចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េ ចំនួន០១ឃ្លាំង រួមទាំងឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣២គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩០ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន, រថយន្តបុរី ប៉េង ហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ឡាន, រថយន្តព្រលានយន្តហោះថ្មី ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េចំនួន ០១ឃ្លាំង រួមទាំងឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង រីឯព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕