(ភ្នំពេញ)៖ ដោយមានសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា ជាពិសេសក្នុងវិស័យពុទ្ធិកសិក្សា មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) ដែលដឹកនាំដោយអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ បានបរិច្ចាគដីទំហំ ២​, ០២២, ៤២៨ ម៉ែត្រក្រឡា (ពីររយពីរហិកតា និងបួនរយម្ភៃប្រាំបីម៉ែត្រការ៉េ) ដែលស្ថិតនៅទីតាំងនៅភ្នំពេញ (២ហិកតា) និងខេត្តកំពង់ឆ្នាំង(ជាង២០០ហិកតា) សម្រាប់កសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ការប្រគល់ដីមួយកន្លែងទៀតនេះ បានធ្វើឡើងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានប្រារព្ធពិធីប្រគេនដីទំហំ ២​, ០២២, ៤២៨ ម៉ែត្រក្រឡា ដល់ពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅតាមបណ្តោយមហាវិថី ឈុន គង់ តំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការយាងនិមន្តជាអធិបតីព្រះរាជាគណៈ រួមទាំងសាស្ត្រាចារ្យ សមណនិស្សិត និស្សិតនៃពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុបប្រមាណ៥៥០អង្គ/នាក់ រួមទាំងសមាជិកមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ផ្ទាល់។

សូមជម្រាបជូនថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងផ្នួសរយៈពេលខ្លីរបស់ឧកញ៉ា ដែលមាននាមបញ្ញត្តិថាព្រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហូវ និងក្រុមញាតិ ដែលបានបរិច្ចាគបន្ថែមនូវដីទំហំ ២០០ ហិចតា ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំ សម្រាប់កសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង មានសង្ឃដីកាក្នុងពិធីនេះថា សម្ដេចពិតជាជ្រះថ្លាណាស់ដែលបានឃើញ និងទទួលយកនូវសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ព្រមទាំងក្រុមគ្រួសារ ដែលជាពុទ្ធសាសនូបត្ថម្ភក៍ដែលតែងតែគោរព ប្រតិបត្តិ និងមានជំនឿយ៉ាងមុតមាំ តែងតែបានជួយឧបត្ថម្ភគាំទ្រព្រះពុទ្ធសាសនា និងសង្គមជាតិជារៀងរហូតមក។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ ក៏បានមានសង្ឃដីការសម្ដែងនូវសេចក្ដីរំភើបរីករាយក្រៃលែង ដែលពុទ្ឋិកសាកលវិទ្យាល័យ ពិតជាមានភព្វសំណាងជាថ្មីម្ដងទៀត បន្ទាប់ពីធ្លាប់ទទួលបានដីពីព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីប្រមាណ៧០ឆ្នាំមុន ប្រើប្រាស់ជាទីតាំងពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ មកទល់បច្ចុប្បន្ននេះ។ ជាច្រើនឆ្នាំមកហើយ គណៈសង្ឃកម្ពុជា តែងតែស្រម៉ៃផង ដើរបិណ្ឌបាត្រដីអ្នកស្រុកផង និងព្រះសង្ឃផង ដើម្បីយកដីមកពង្រីកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ហើយនៅទីបំផុត គឺព្រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហូវ ជាអ្នកធ្វើឲ្យក្ដីសុបិននេះក្លាយជាការពិត ។

គួររម្លឹកផងដែរថា នៅគ្រប់គម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ហេដ្ឋារចនាសម្ព័ន្ធតែងតែយកចិត្តទុក្ខដាក់ទាំងការកសាងផ្លូវថ្នល់ ផ្សារភ្ជាប់វប្បធម៌ ធម្មជាតិ សាសនា និងការអប់រំ។ សម្រាប់ដីទាំងពីរកន្លែងនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងប្រើប្រាស់សម្រាប់ការសាងសង់ជាអគារពុទ្ធិកសាកលវិទ្យាល័យ អគារបណ្ណាល័យសិក្សា អគាររដ្ឋបាល វិទ្យាស្ថានស្រាវជ្រាវ អគារអន្តេវាសិក រួមទាំងសំណង់ សិល្បការ្យ និងសំណង់ស្ថាបត្យកម្មផ្សេងទៀតតាមតម្រូវការរបស់ពុទ្ធិកសកលវិទ្យាល័យ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) ដែលដឹកនាំដោយអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ ដែលបានបរិច្ចាគដី ជំនួយសម្រាប់ដាំដើមឈើលម្អទីធ្លា ប្រគេនទឹកសុទ្ធ PROVIDA សម្រាប់ប្រើប្រាស់ក្នុងពុទ្ធិកសាកលវិទ្យាល័យ ព្រមទាំងចង្ហាន់សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សាចុងសប្តាហ៍ផងដែរ។ សូមឧទ្ទិសកុសលជូនដល់វិញ្ញាណខន្ធលោកឪពុករបស់អ្នកឧកញ៉ា ក្រុមគ្រួសារ សហការី សូមបានប្រកបដោយពុទ្ធពរជានិច្ចនិរន្តរ៍។

សូមរម្លឹកផងដែរថា កាលពីពេលថថ្មីៗនេះ អ្នកឧកញ៉ា អ៉ឹង ប៊ុនហូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន (ING Foundation) បានប្រគេនដីទំហំជាង ២ហិកតា ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីសាងសង់ជាអគារសិក្សាទ្រទ្រង់ដល់ការសិក្សា របស់សមណនិស្សិត និងនិស្សិត។ ដីជាង២ហិកតានេះ ស្ថិតនៅតាមបណ្តោយមហាវិថី ឈុន គង់ តំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕