(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ កំពុងដំណើរការអាជីវកម្មរបស់ខ្លួន និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន សរុប២៧៦កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៨៩៧៧០នាក់ (ស្រី៥៣៧៧៣នាក់)។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ម៉ែន អេង បានធ្វើឡើងនៅក្នុងឱកាសដែលលោកតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY លើកទី៧ ឆ្នាំ២០២៤ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការចូលរួមពីលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោក មុត ចិន្តា នាយកទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងព្រមទាំង អ្នកពាក់ព័ន្ធជាង១០០០នាក់។

ជាមួយគ្នានេះលោក ម៉ែន អេង បានបន្តថា ជួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមលោកផ្ទាល់សូមសំដែងការអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន ស្វាយរៀង  ដែលបានខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត រៀបចំកម្មវិធី ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET Day ឆ្នាំ២០២៤ លើកទី៧ ក្រោមប្រធាបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នេះឡើងប្រកបដោយជោគជ័យ និងមានការទទួលខុសត្រូវ។

លោកបានបន្តថា ដើម្បីគៀរគរអ្នកវិនិយោគ មកបណ្តាក់ទុនកាន់តែច្រើនជាពិសេសក្រុមហ៊ុនធំៗដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តយើងមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់ ដែលពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ 

លោកថា «យើងតែងតែលឺសម្លេងពីវិស័យឯកជន ថាខ្វះធនធានមនុស្ស សម្រាប់បំពេញនូវតម្រូវការការងារ តែផ្ទុយទៅវិញយើងតែងតែលឺពីបងប្អូនយើងថា ពិបាករកការងារធ្វើ។ ទាំងនេះបង្ហាញថា អ្នកមានជំនាញងាយស្រួលរកការងារធ្វើ តែអ្នកមិនមានជំនាញពិបាករកការងារធ្វើទៅវិញ»

លោកបានបន្ថែមថា តាមរយៈវេទិកាវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងការសិក្សាស្រាវជ្រាវយ៉ាវល្អិតល្អន់របស់ក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល និយាយដោយឡែក «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» ដែលបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក ជាការរួមចំណែកយ៉ាងសំខាន់ដល់ចំណុចអាទិភាព ខាងលើរបស់រាជរដ្ឋាភិបាល។

លោកបានបន្ថែមទៀតថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាពការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។

កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក៏ផ្តល់ឱកាសដល់យុវជន យុវនារី មានឱកាសសិក្សារៀនសូត្រ ទាំងជំនាញបច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកទេស។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងឪកាសនោះ លោក ម៉ែន អេង ផ្តល់ជាអនុសាសន៍ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងត្រូវខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ជាពីសេស សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5M  ក្រុមគោលដៅមកពីគ្រួសារមាន បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ចំនួន។ ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យ ស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។ ខិតខំបណ្តុះបណ្តាលដល់បងប្អូនៗក្មួយៗដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។ ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។

លោក មុត ចិន្តា បានឲ្យដឹងថាវិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមាន៥វិស័យ មានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា ដោយបច្ចុប្បន្នវិទ្យាស្ថានមានសិស្ស និស្សិតកំពុងសិក្សាសរុបចំនួន ១៧០១នាក់ ស្រី៥១៨នាក់៕