(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីខណ្ឌ-សង្កាត់-ភូមិក្រោមឱវាទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បានដើរតាមដងផ្លូវរើស និងប្រមូលរាល់កាកសំណល់សំរាមផ្សេងៗ ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរបន្ថែមទៀត។

សកម្មភាពសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរបន្ថែមទៀតនេះ បានធ្វើឡើងក្នុងឱកាសអបអរសាទរទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ក្រោមប្រធានបទ «ការកែប្រែគុណភាពដី-រហោស្ថានកម្ម-និងភាពធន់ -នឹងគ្រោះរាំងស្ងួត» និងយុទ្ធនាការ «កម្ពុជាស្អាត-ខ្មែរធ្វើបាន» ស្ថិតនៅតាមបណ្ដោយផ្លូវលំ និងតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

លោក ធឹម សំអាន បានឲ្យដឹងថា ការរៀបចំ និងការចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ដ៏មានសារៈសំខាន់នេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុ បរិស្ថាន។ ជាមួយគ្នានេះលោក ធឹម សំអាន មានសង្ឃឹមនិងជឿជាក់ថា ការប្រារព្ធទិវានាថ្ងៃនេះ នឹងក្លាយជាចលករដែលជំរុញឲ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីយើងស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប។

លោកអភិបាលខណ្ឌព្រែកព្នៅ បានគូសបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

*១-បង្កើនការយល់ដឹងដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឲ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន។
*២-ផ្សព្វផ្សាយដល់ប្រជាជនសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន។
*៣-លើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន
*៤-ទទួលបានការគាំទ្រជាសកលដើម្បីធ្វើព្រឹត្តការណ៍នេះក្លាយជាយុទ្ធនាការមួយ ដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក។
*៥-ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋានរបស់ពួកគាត់ ដែលជាការចាប់ផ្តើមយុទ្ធនាការនេះ ធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត៕