(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចាស់ជរា ពិការភាព និងមានជំងឺជួបការខ្វះខាត និងងាយរងគ្រោះចំនួន១០គ្រួសារទៀត រស់នៅសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអង្ករ ជាមួយថវិកា ដើម្បីដោះស្រាយបញ្ហាក្នុងបន្ទុកមួយចំនួន របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក តាមរយៈក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ប្រធានកិត្តិយសសមាគម ជាតំណាងលោក ជា ពិសី អភិបាលខណ្ឌ។

លោកស្រី អាន ផល្លា មុនប្រគល់ និងទទួលថវិកាឧបត្ថម្ភនេះ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកាកបាទក្រហមរាជធានីភ្នំពេញ ជាមួយកាកបាទក្រហមខណ្ឌ-សង្កាត់-ភូមិ នូវសមានចិត្តប្រកបដោយគុណធម៌ មេត្តាធម៌ និងក្តីអាណិតអាសូរ ដែលជានិច្ចកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅ និងគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ចាស់ជរា ពិការភាព និងមានជំងឺជួបការខ្វះខាត ស្ថិតក្នុងឱកាសនេះ និងបន្ទាប់ពីទទួលអង្ករ និងថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារមួយចំនួន តាមរយៈអនុសាខសមាគមនារីកម្ពុជាខណ្ឌ សូមថ្លែងអំណរគុណយ៉ាងក្រៃលែង និងសូមជូនពរដល់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាគ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យជានិច្ចលើភារកិច្ចការងារបម្រើប្រជាពលរដ្ឋ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕