(ត្បូងឃ្មុំ)៖ សកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីគណបក្សភ្លើងទៀនជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ អតីតសកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន ចំនួន៣០នាក់ ក្នុងស្រុកអូររាំងឳ នៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តមកសុំរួមរស់ជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជាវិញ ក្រោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃបំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ដែលតែងតែបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសក្រោមដំបូលសន្តិភាព ពិសេសការផ្តួចផ្តើមក្នុងការសាងសងព្រែកជីកហ្វូណនតេជោ របស់សម្តេចតេជោ។
ម៉្យាងវិញទៀត អតីតអ្នកគាំទ្រគណបក្សភ្លើងទៀនទាំង៣០រូបនេះ បានលើកឡើងថា គណបក្សភ្លើងទៀននៅពេលនេះ បានបែកបាក់ផ្ទៃក្នុងអស់ទៅហើយ ការដឹកនាំពោពេញដោយបក្សពួកនិយម បំពុលសង្គម ញ៉ុសញ៉ុងឱ្យបងប្អូនប្រជាពលរដ្ឋបែកបាក់ ខាតបង់ទ្រព្យសម្បត្តិ រីឯថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរត់យកតែរួចខ្លួនទៅក្រៅប្រទេសមិនខ្វល់ពីអ្វីទាំងអស់។
លើសពីនេះទៅទៀត បុគ្គល សមរង្សី នៅតែបន្តធ្វើនយោបាយប្រជាភិថុតិ ដោយលើកឡើងប្រឆាំងនឹងការធ្វើព្រែកជីកហ្វូណន បង្កឱ្យប្រជាពលរដ្ឋមានការភាន់ច្រលំ រាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ ដើម្បីតែចង់បានអំណាចផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
អតីតសកម្មជន និងអ្នកគាំទ្រ គណបក្សភ្លើងទៀន ខាងលើ បានបញ្ជាក់ថា ការសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ គឺជាការស្ម័គ្រចិត្តរបស់ពួកគេផ្ទាល់ និងគ្មានការលួងលោម ឬបង្ខិតបង្ខំឡើយ ពោលគឺពួកគាត់ចង់បាន និងចង់ឃើញប្រទេសកម្ពុជា បោះជំហានឆ្ពោះទៅរកការអភិវឌ្ឍពេញលេញ ប្រកបដោយសច្ចភាព គុណតម្លៃខ្ពស់ដែលអាចធ្វើឱ្យអន្តរជាតិទទួលស្គាល់កម្ពុជាលើគ្រប់វិស័យ។