(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសរំលេចថា និស្សិតដែលបញ្ចប់ការសិក្សាគប្បីយកចំណេះដឹងទៅប្រកបការងារដោយមនសិការ ទទួលខុសត្រូវ និងប្រកបដោយសីលធម៌។

លោកជំទាវបណ្ឌិត បានគូសរំលេចបែបនេះ ក្នុងពេលអញ្ជើញជា អធិតបតីពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រប្រមាណ ១,០០៣អង្គ-នាក់ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានសម្តែងអំណរសាទរ ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភីទាំងអស់ គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ដោយមនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

លោកជំទាវបណ្ឌិត បានបង្ហាញការកត់សម្គាល់ថា មាននិស្សិតជាស្រ្តីមកទទួលសញ្ញាបត្រចំនួនច្រើន ដែលនេះសបញ្ជាក់ឱ្យឃើញនូវវឌ្ឍនភាពរីកចម្រើននៃសង្គមកម្ពុជា ក្នុងការលើកកម្ពស់ស្រ្តីឱ្យទទួលបានការអប់រំកម្រិតឧត្តមសិក្សា ក៏ដូចជាទទួលបានឱកាសការងារលើគ្រប់វិស័យ ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតប្រធាន គណៈកម្មាធិការអាហារូបករណ៍ បានអរគុណចំពោះសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលតែងតែផ្តល់អាហារូបករណ៍ តាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជារៀងរាល់ឆ្នាំ។

លោកជំទាវបណ្ឌិត បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យក្នុងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ សំដៅឆ្លើយតបសមស្របតម្រូវការនៃការអភិវឌ្ឍមូលធនមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស សម្រេចឱ្យបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕