(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ បានឧបត្ថម្ភថវិកាជួយសាងសង់អគារទីចាត់ការ និងសាលប្រជុំ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យអង្គប្រជុំ ខេត្តព្រៃវែង ដែលមានតម្លៃសរុប៧២,៥០០ដុល្លារ។

អគារទីចាត់ការ និងសាលប្រជុំនេះត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន និងលោកស្រី ក្នុងនាមតំណាងនាយឧត្តមសេនីយ៍ ស ថេត។

សាលាបឋមសិក្សានិងអនុវិទ្យាល័យអង្គប្រជុំ ស្ថិតក្នុងឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងឃុំថ្មពូនមានសាលាចំនួន២កន្លែង និងមត្តេយ្យសហគមន៍ចំនួន៤កន្លែង ក្នុងនោះអនុវិទ្យាល័យមាន១កន្លែង មានទីតាំងជាមួយនឹងសាលាបឋមសិក្សាអង្គប្រជុំ ដែលមាន៥បន្ទប់ស្មើនឹង៣ថ្នាក់ មានសិស្សសរុបចំនួន១៤៧នាក់ ស្រី៧៥នាក់ និងមានគ្រូចំនួន៥នាក់ ស្រី៣នាក់។

សាលាបឋមសិក្សាអង្គប្រជុំមាន១២បន្ទប់ស្មើនឹង១៦ថ្នាក់ មានសិស្សសរុបចំនួន៥៣៤នាក់ ស្រី២២១នាក់ មានគ្រូសរុបចំនួន១៣នាក់ ស្រី៥នាក់ ក្នុងនោះមត្តេយ្យសិក្សាមានចំនួន៣បន្ទប់ ស្មើនឹង៣ថ្នាក់ មានសិស្សចំនួន៩៨នាក់ ស្រី៥៤នាក់ មានគ្រូចំនួន៣នាក់ ស្រី៣នាក់។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឲ្យដឹងថា ការកសាងទីចាត់ការ និងបណ្ដាល័យនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាការរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្ដោតទៅលើការពង្រឹងគុណភាពអប់រំ ការបណ្ដុះបណ្ដាលជំនាញ និងការលើកកម្ពស់សុខុមាលភាពប្រជាជន។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា នៅអតីតកាលដ៏ខ្មៅងងឹតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ប្រជាជនកម្ពុជាមិនមានឱកាសក្នុងការទទួលយកការអប់រំសិក្សាដើម្បីទទួលបាននូវចំណេះដឹងនោះឡើយ ពោលគឺសូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនទទួលបានផងដែរ។ ដោយឡែក ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតធ្វើជាដើមទុនប្ដូរយកសន្តិភាពជូនជាតិមាតុភូមិ ពិសេសជូនប្រជាជនកម្ពុជាទាំងមូល ទើបសិស្សានុសិស្សអាចមានឱកាសចូលសិក្សា រៀនសូត្រក្រេបយកចំណេះដឹងប្រកបដោយគុណភាពនាពេលនេះ។

ជាមួយគ្នានោះ សន្តិភាពក៏បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនឥតឈប់ឈរលើកគ្រប់វិស័យ ដូច្នេះបើទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ ពលរដ្ឋទាំងអស់គ្នាត្រូវតែការពារសន្តិភាពដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះឱ្យស្ថិតស្ថិរគង់វង្សតទៅអនាគត ដោយមិនឲ្យជនណាម្នាក់មកបំផ្លាញសន្តិភាពដែលកំពុងមាននេះឡើយ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៩៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ និងថវិកា១ម៉ឺនរៀល។ សិស្សានុសិស្សចំនួន៦៨នាក់ ក្នុងម្នាក់ទទួលបានសម្ភារសិក្សា មានប៊ិច ខ្មៅដៃ សៀវភៅ ព្រមទាំងថវិកាចំនួន៥ពាន់រៀល។ លោកគ្រូអ្នកគ្រូចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងបានឧបត្ថម្ភដល់មន្ត្រីសាលាឃុំ និងប្រជាការពារនូវថវិកាមួយចំនួនផងដែរ សរុបការចំណាយមានជាង៦,៥០០ដុល្លារ។

សូមជម្រាបថា អគារទីចាត់ការ និងសាលប្រជុំដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ គ្រោងនឹងប្រើររយៈពេលសាងសង់ចំនួន៣ខែ និងចំណាយថវិកាសរុបចំនួន៧២,៥០០ដុល្លារអាមេរិក ដែលជាអំណោយសប្បុរសរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕