(ក្រចេះ)៖ លោកស្រី ហឹង ណារី វ៉ាថន នាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារយុវខេត្តស្រុកនាំយកសម្ភារៈចុះជួបសំណេះសំណាលលោកគ្រូអ្នកគ្រូ មាតាបិតាសិស្សានុសិស្ស ប្រមាណ៣៥០នាក់ និងនាំយកកូនឈើចម្រុះចំនួន២០០ដើមមកប្រគល់និងដាំលម្អសោភ័ណជាម្លប់នៅភូមិសណ្តាយ (១០៥) ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងដើម្បីចូលរួមអបអសាទរទិវាបរិស្ថានជាតិនិងអន្តរជាតិ លើកទី៣៨។

លោកស្រីបានពាំនាំការផ្ញើសួរសុខទុក្ខពីសំណាក់លោក វ៉ា ថន អភិបាលខេត្ត ជូនចំពោះលោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សដែលកំពុងបង្រៀននិងរៀន ពិសេសការជំរុញលើកទឹកចិត្តកូនឲ្យមកចូលរៀនបានគ្រប់ៗគ្នា។

លោកស្រីបានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរទទួលទានប្រចាំថ្ងៃក្រោមម្លប់សន្តិភាព។

លោកស្រីបានបន្តថា ដោយមើលឃើញពីការខ្វះខាតរបស់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សនៅសាលាបឋមសិក្សានេះ ក្រុមការងារយុវជន ស.ស.យ.ក ខេត្ត និងស្រុក បាននាំយកសម្ភារៈសិក្សាមួយចំនួនមកចែកជូនសម្រាប់ជួយសម្រាលការលំបាកមួយផ្នែក និងធ្វើយ៉ាងណាជំរុញឲ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ដោយក្នុងស្ថានភាពឋិតក្នុងវ័យកំពុងសិក្សានេះ តម្រូវការរបស់សិស្សានុសិស្ស គឺចាំបាច់ត្រូវមានសៀវភៅ និងប៉ិច ដែលជាកត្តាចម្បង។

លោកស្រីក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូត្រូវផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាលទាំងអស់ត្រូវតែជំរុញតាមដាន និងមិនត្រូវឲ្យកូនៗបោះបង់ការសិក្សាឡើយ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវរួមគ្នាថែរក្សានូវទ្រព្យសម្បត្តិ និងសមិទ្ធផលដែលមាននៅក្នុងសាលា និងនៅក្នុងភូមិ ជាពិសេសត្រូវធ្វើយ៉ាងណារក្សាឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព និងត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ និងបរិស្ថានស្អាត ដើម្បីបង្ការការពារពីការឆ្លងជំងឺផ្សេង៕