(ក្រចេះ)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ក្រោមអធិបតីភាពលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ។

យោងតាមរបាយការណ៍លោក អ៊ុង គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានបានបណ្តុះបណ្តាលចាប់ពីកម្រិត C1 C2 C3 និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយឡែក សញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវិទ្យាស្ថានបណ្តុះបណ្តាលតាមជំហានៗដែលមានរយៈពេល៤ខែ និងចុះកម្មសិក្សាមានរយៈពេល២សប្តាហ៍ និងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤មក បានពីរជំហានដែលមានសិស្ស៖ ជំហានទី១ ចំនួន១១៧នាក់ ស្រី៤១នាក់ ជំហានទី២ ចំនួន១៣៧នាក់ ស្រី៤៤នាក់។

លោក ហង់ ចាន់ឌី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញទៅដល់យុវជននេះត្រូវស្របតាមអភិក្រមរបស់សម្តេចធិបតី គឺរៀនឱ្យចប់ ឲ្យចេះ ឱ្យមានការងារធ្វើ ដោយធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជាយុវជន យ៉ាងហោចណាស់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។

លោកបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាសឱ្យធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ក៏កំពុងតែខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ កម្មវិធីការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ៕