(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ និងមន្ត្រីពាក់ព័ន្ធ តំណាងលោកចៅសង្កាត់ លោកអធិការខណ្ឌ ពិសេសលោកអភិបាលខណ្ឌឬស្សីកែវ បានបើកវេទិកាសារធារណៈ ដើម្បីពន្យល់ណែនាំ និងឆ្លើយតបរកដំណោះស្រាយនៃចម្ងល់មួយចំនួនជូនប្រជាពលរដ្ឋ អំពីផលប៉ះពាល់នៃការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀន សំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

ការបន្តបើកវេទិការសាធារណៈនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានការចូលរួមពីលោក-លោកស្រីមន្ត្រីក្រុមប្រឹក្សាសង្កាត់, ស្មៀន, នាយរងប៉ុស្តិ៍, មេភូមិ-អនុភូមិ និងប្រជាពលរដ្ឋមួយចំនួនទៀត ស្ថិតក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី ញាណ ពុទ្ធា និងមន្ត្រីពាក់ព័ន្ធ នៅក្នុងវេទិការសាធារណៈនេះដែរ បានសង្កត់ធ្ងន់លើការពន្យល់ណែនាំអំពីផលប៉ះពាល់នៃការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀន ដល់ប្រជាពលរដ្ឋ ដើម្បីមានវិធានការសហការ និងរាយការណ៍ ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ក្រៅពីអំពើចោរកម្មផ្សេងៗ ពិសេសការយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច និងការបកស្រាយនូវមតិចម្ងល់មួយចំនួនទៀត ឲ្យចំគោលដៅ និងកាន់តែជ្រាបយល់ច្បាស់ជូនប្រជាពលរដ្ឋ៕