(ស្វាយរៀង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន២ខ្សែ នៅភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រមទាំងបានចុះពិនិត្យស្ថានភាពភូមិមួយឈ្មោះ ភូមិស្វាយអាណាត ដែលត្រូវបានវាយតម្លៃគុណសម្បតិ្តដាក់ជាភូមិគំរូ នាពេលខាងមុខ។

ការចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវខ្សែទី១ គឺមានប្រវែងសរុប១២.៤គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលបេតុងប្រវែង៤២៥ម៉ែត្រ ទទឹង៧ម៉ែត្រ និងកៅស៊ូពីរជាន់ (DBST) មានប្រវែង១២គីឡូម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនតភ្ជាប់ពីចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ទៅដល់ភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្រេចលទ្ធផលបាន១០.៨២% ស្ថិតក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។

លោកក៏បានបន្តចុះពិនិត្យផ្លូវខ្សែទី២ដែលមានប្រវែងសរុប១៣.៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង៥៥០ម៉ែត្រ ទទឹង៧ម៉ែត្រ និងកៅស៊ូពីរជាន់ (DBST) មានប្រវែង១២.៣គីឡូម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលថ្មមិចម្ខាងៗ០.៥ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន ចាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រេចលទ្ធផលបាន៦៣.៤០% ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន៣ ដែលគម្រោងនេះគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវទាំង២ខ្សែនោះ លោករដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

លោករដ្ឋមន្ត្រីក៏បានចុះពិនិត្យស្ថានភាពភូមិស្វាយអាណាត ដែលគ្រោងដាក់ជាភូមិគំរូនាពេលខាងមុខ ព្រមទាំងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ស្ថិតក្នុងឃុំញរ ស្រុកកំពង់រោទិ៍ ដែលមានការចូលរួមពីលោកអភិបាលរងស្រុកកំពង់រោទិ៍ លោកមេឃុំ និងក្រុមប្រឹក្សាឃុំជាច្រើនរូប។ សូមជម្រាបថា ឃុំញរមានភូមិសរុបចំនួន៦ភូមិ រួមមាន៖ ភូមិរោទិ៍ ភូមិត្រពាំងត្រាវ ភូមិព្រៃត្រុំ ភូមិញរ ភូមិស្វាយអាណាត និងភូមិត្រពាំងឆ្លូវ ដែលមានគ្រួសារសរុបចំនួន២,១៧៤គ្រួសារ ហើយភូមិស្វាយអាណាត ជាភូមិដែលត្រូវបានវាយតម្លៃគុណសម្បតិ្តដាក់ជាភូមិគំរូនាពេលខាងមុខ។

គួរជម្រាបថា មុនចុះពិនិត្យស្ថានភាពផ្លូវទាំង២ខាងលើ និងពិនិត្យស្ថានភាពភូមិនោះ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ក៏បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិកចំនួន១២០នាក់ ដែលជាកងទ័ព និងនគរបាលជាតិឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសាររស់នៅខេត្តស្វាយរៀង
ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានការចូលរួមពីសំណាក់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ៕