(ស្វាយរៀង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ដើម្បីជួយជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់។

លោកថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចំនួន៥៣រូប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីស្តាប់របាយការណ៍៦ខែរបស់លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងរួចមក លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការសម្រេចនូវសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល។

លោករដ្ឋមន្ដ្រីបានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង៤របស់ក្រសួង៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជនបទសមាហរណកម្ម ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍភូមិគំរូ ក្នុងគោលដៅធានាដល់សហគមន៍ជនបទអាចបន្ដការអភិវឌ្ឍដោយខ្លួនឯងជាលំដាប់ និងប្រកបដោយនិរន្ដរភាព និងទី៤-ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច តាមរយៈការជ្រើសរើសនិងការបណ្ដុះបណ្ដាលមន្រ្ដី ជាពិសេសយន្ដការលើកទឹកចិត្តមន្ដ្រី។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ដើម្បីជួយជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់»។

លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងឱ្យត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ របៀបរបបធ្វើការ ការរៀបចំសណ្ដាប់ធ្នាប់ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មានការលើកទឹកចិត្ត ប្រកបដោយតម្លាភាព និងសមភាព។ ម្យ៉ាងវិញទៀត មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍភូមិគំរូ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ៕