(កំពង់ចាម)៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានថ្លែងនូវការកោតសរសើរពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកចំនួន៨ នៅក្នុងខេត្តកំពង់ចាម និងណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព។

ការថ្លែងនូវការកោតសរសើរ និងជំរុញបន្ថែមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ​ចុះ​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង​៨​ ក្នុង​ខេត្ត​កំពង់​ចាម​ ក្រោម​អធិបតីភាព​លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​លោក​ឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ចាម​ នាថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៤​។

សូមជម្រាបថា ដោយទទួលបានការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៨​ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​កំពង់ចាម​ ជាលើក​ទី​២​ ចាប់​ពី​ថ្ងៃទី៥​ ដល់​ ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ២០២៤​។

មន្ទីរពេទ្យ​ទាំងនោះ​មាន មន្ទីរពេទ្យ​បង្អែក​បាធាយ​ មន្ទីរពេទ្យ​បង្អែក​ជើង​ព្រៃ មន្ទីរពេទ្យ​បង្អែកស្រីសន្ធរ​ មន្ទីរពេទ្យ​បង្អែក​កោះសូទិន​ មន្ទីរពេទ្យ​បង្អែក​កងមាស​ មន្ទីរពេទ្យ​បង្អែក​ព្រៃឈរ​ មន្ទីរពេទ្យ​បង្អែក​ស្ទឹងត្រង់​ និង​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​លើ។

​សមាសភាពចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​មាន​ លោក​វេជ្ជបណ្ឌិត គឹម​ សួភិរុណ​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន អនុប្រធានការិយាល័យទាំង៤ អនុប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​ លោក​ លោកស្រី​អភិបាល​រងស្រុក​នីមួយៗ​ ប្រធាន អនុប្រធាន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៨​ និងលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកទាំង ៨។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក​បណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ​ក្នុងមួយឆ្នាំចុះ ២ដង នេះជាលើកទី២ហើយ ដែលបានចុះមកខេត្តកំពង់ចាម​។ លោក​បណ្ឌិតបានកោតសរសើរ អំពីការរីកចម្រើន របស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យលើកទី១ កាលពីឆមាសទី២ ឆ្នាំ២០២៣កន្លងមក។

លោក​បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព៕