(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សិស្ស និស្សិត ដែលចង់សិក្សាបន្ត ហើយពុំមានលទ្ធភាពរៀន នៅថ្នាក់ឧត្តមសិក្សា ឬក៏សិស្ស យុវជន ដែលបោះបង់ការសិក្សា គ្មានគោលដៅជីវិតច្បាស់លាស់ សូមរួសរាន់មកចាប់យកជំនាញបច្ចេកទេស ដើម្បីអនាគតរបស់ខ្លួន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។

លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ នៅវិទ្យាល័យពោធិ៍សាត់ ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដោយបានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សាស្ត្រាចារ្យ លោកគ្រូ និងសិស្សនិស្សិតយ៉ាងច្រើនកុះករ។

បន្ទាប់ពីមានការបង្ហាញ ពីបទពិសោធន៍ការងារ របស់ក្រុមនិស្សិត តំណាងអាណាព្យាបាលសិស្ស ដែលបានសិក្សានិងមានកូនបានសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ ទទួលបានជោគជ័យរួចមក, លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត ក៏បានជម្រាបជូនថា វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានតួនាទីក្នុងការកសាងធនធានមនុស្ស ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់កម្លាំងពលកម្ម តាមតម្រូវការទីផ្សារការងារ ទាំងក្នុង និងក្រៅតំបន់។ ជាមួយគ្នានោះ វិទ្យាស្ថាន ក៏ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)របស់រដ្ឋតែមួយគត់ក្នុងខេត្ត ដែលសហប្រតិបត្តិការជាមួយវិស័យឯកជន ទទួលសិស្ស និស្សិត ចុះកម្មសិក្សា ​ទស្សនៈកិច្ចសិក្សា និងទទួលបម្រើការងារក្នុងរោងចក្រ សហគ្រាស និងយានដ្ឋាននានាផងដែរ។

គិតមកដល់បច្ចុប្បន្ន វិទ្យាស្ថានបានបណ្ដុះបណ្ដាលធនធានមនុស្ស ផ្នែកជំនាញបច្ចេកទេស និងនិងវិជ្ជាជីវៈ បានជាង១ម៉ឺននាក់ហើយ ក្នុងនោះមានជំនាញសេវាកម្ម និងកសិកម្ម។ សិស្ស និងនិស្សិត ដែលបញ្ចប់ការសិក្សា ភាគច្រើនមានការងារធ្វើ៧០ទៅ៨០%។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣‑២០២៤នេះ មានសិស្ស និងនិស្សិត កំពុងសិក្សាសរុបចំនួន១,១៥៥នាក់ ស្រី៤៦០នាក់, កម្រិតសញ្ញាបត្របរិញ្ញាឆ្នាំទី២ ទី៣ ទី៤ សរុបចំនួន១៤៣នាក់ ស្រី៦២នាក់, កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងឆ្នាំទី១ និងឆ្នាំទី២ សរុបចំនួន២៥២នាក់ ស្រី១០៨នាក់។ សម្រាប់វគ្គ១លាន៥សែននាក់ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈC1 សរុបចំនួន៧៦០នាក់ ស្រី២៩០នាក់ ក្នុងនោះមានប័ណ្ណសមធម៌ ចំនួន៣៧៧នាក់។

បន្ទាប់ពីលោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានអានសារលិខិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពូជា រួចមក, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយដល់សិស្ស និស្សិត យុវជន មាតាបិតា កម្មករ និយោជិត និយោជក ជាពិសេសវិស័យឯកជន ដើម្បីបង្កើនការយល់ដឹកឱ្យបានទូលំទូលាយ អំពីគុណប្រយោជន៍នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ឈានទៅចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរ។ លោកបានលើកឡើងថា ជំនាញបច្ចេកទេសមានច្រើនជំនាញណាស់ ដូចជាផ្នែកសំណង់ស៊ីវិល ផ្នែកអគ្គីសនី ផ្នែកអេឡិចត្រូនិក និងផ្នែកកសិកម្មជាដើម ដែលសុទ្ធតែមានឱកាសច្រើន ក្នុងទីផ្សារការងារ។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានអញ្ជើញទស្សនាការតាំងពីពណ៌ ដែលរៀបំដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងបន្តពិនិត្យមើលអគារស្តង់ដា «មរតកតេជោឌីជីថល» នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលមានកម្ពស់៥ជាន់ ស្មើនឹង៧៦បន្ទប់ បច្ចុប្បន្នកំពុងនឹងស្ថាបនាសាងសង់ សម្រេចបានប្រមាណ៧០%ហើយ៕