(ភ្នំពេញ)៖ លោក សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ពន្ធក្រសួង ស្ថាប័ន ក៏ដូចជាការជំរុញការអនុវត្តសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល និងសារាចររបស់រាជរដ្ឋាភិបាលលេខ ០៨ សរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ពន្ធរបស់ក្រសួងស្ថាប័ន។

កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះមានការធ្វើបទបង្ហាញដោយលោក សួន រស្មី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អមដោយមន្រ្តីរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូប និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងសរុបប្រមាណ១៥០នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការបំពេញមុខងារ និងបេសកកម្មរបស់ក្រសួង ឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដើម្បីជៀសវាងភាពមិនច្បាស់លាស់ និងការត្រួតជាន់គ្នាក្នុងការអនុវត្តមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ជាពិសេសដើម្បីជំរុញការវិភាគមុខងារ និងរៀបចំរចនាសម្ពន្ធរបស់ក្រសួងទេសចរណ៍៕