(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក.) សហការគាំទ្រដោយ Indian society of regenerative science និងNeurogen brain and spine institute សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និង International School for Autistic Children (I-SAC) បានរៀបចំកម្មវិធីសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី៦ ក្រោមប្រធានបទ «ដំណោះស្រាយ និងបច្ចេកវិទ្យាចុងក្រោយសម្រាប់កុមារ មានវិបត្តិក្នុងការស្តាប់ ការអភិវឌ្ឍភាសា និងការនិយាយ»។

ពិធីនេះប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ក្នុងនោះក៏មានការចូលរួមពី តំណាងក្រសួងសុខាភិបាល សមាជិក ព្រឹទ្ធសភា រដ្ឋសភា អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី ជាសមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សាខាសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តាមសាកលវិទ្យាល័យ មន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងនិស្សិតនៅតាមសាកលវិទ្យាល័យ ដែលបណ្តុះបណ្តាលវិស័យ សុខាភិបាល ប្រមាណចំនួន២០១៥រូប។

សន្និសីទវេជ្ជសាស្ត្រអន្តរជាតិស្តីពី «ដំណោះស្រាយ និងបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់កុមារមាន វិបត្តិក្នុងការស្តាប់ ការអភិវឌ្ឍភាសា និងការនិយាយ» មានគោលបំណងប្រមូលផ្តុំអ្នកវិទ្យាសាស្ត និងអ្នកវេជ្ជសាស្ត្រ ឈានមុខគេក្នុងវិស័យសរសៃប្រសាទកុមារ ចិត្តវិទ្យា និងការស្តារនីតិសម្បទា ក៏ដូចជាអ្នកអភិវឌ្ឍបច្ចេកវិទ្យា និង អ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយបំផុតក្នុងការធ្វើរោគវិនិច្ឆ័យ ដើម្បីបង្ការ និងការព្យាបាលជំងឺនេះចំពោះកុមារ។

ប្រធានបទសំខាន់ៗ ដែលត្រូវលើកមកបង្ហាញ និងពិភាក្សាក្រោមប្រធានបទ «ដំណោះស្រាយ និងបច្ចេកវិទ្យា ទំនើបចុងក្រោយសម្រាប់កុមារមានវិបត្តិក្នុងការស្តាប់ ការអភិវឌ្ឍភាសា និងការនិយាយ» រួមមាន៖

*ទី១៖ ការថែទាំកុមារឲ្យមានភាពប្រសើរក្នុងការអភិវឌ្ឍភាសា និងដំណោះស្រាយវិបត្តិក្នុងការនិយាយ

*ទី២៖ ស្វែងយល់ពីភាពមិនប្រក្រតី នៃការវិវត្តខួរក្បាលកុមារតាមរយៈការស្រាវជ្រាវ បែបវិទ្យាសាស្ត្រ

*ទី៣៖ បច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងការគ្រប់គ្រងផ្នែកវេជ្ជសាស្ត្រលើកុមារមានភាពមិនប្រក្រតីនៃប្រព័ន្ធខួរក្បាល៕