(កំពត)៖ លោក អុឹម ចាន់សុធន អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា នៅវេលាម៉ោង១រសៀល នាថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៤ នេះ មានករណីខ្យល់កន្រ្តាក់ បានបោកបក់យ៉ាងខ្លាំង ប៉ះលើភូមិ ចំនួនបី នៃឃុំកណ្តោល ក្នុងស្រុកទឹកឈូ។

ភូមិទាំង៣ដែលត្រូវគ្រោះធម្មជាតិវាយប្រហារដោយខ្យល់កន្រ្ទាក់នោះរួមមាន៖

១- ភូមិអន្លង់គគីរ, ២- ភូមិទឹកក្រហម និង៣- ភូមិមានរិទ្ធ ក្នុងករណីគ្រោះធម្មជាតិខាងលើ បណ្តាលឲ្យប៉ះពាល់ និងខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ជាច្រើនគ្រួសារ និងប៉ះពាល់ឲ្យរងរបួសមនុស្ស១នាក់(របួសជើង)។

ជុំវិញហេតុការណ៍នៃគ្រោះធម្មជាតិដែលបង្កឲ្យរងផលប៉ះពាល់ខាងលើបន្ទាប់ពីក្រុមការងាររបស់ស្រុកចុះពិនិត្យ និងស្រង់តួរលេខនៃការខូចខាតគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ខ្យល់កន្រ្ទាក់បានវាយប្រហារលំនៅឋានពលរដ្ឋក្នុងស្រុកទឹកឈូទាំងមូលចំនួនបីឃុំ ។

ឃុំទាំងបីដែលរងគ្រោះធម្មជាតិនោះរួមមាន៖

*ទី១-ឃុំកណ្តោល ប៉ះពាល់លំនៅឋានចំនួនបីភូមិស្មើនិង១៩៦ខ្នងផ្ទះ មាន ភូមិទឹកក្រហម ២៤ខ្នងផ្ទះ ខូចខាតមធ្យម១០ខ្នង ខូចខាតតិចតួច១៤ខ្នង។ ភូមិ មានរិទ្ធ មាន៧៩ខ្នង ខូចខាត ប៉ើងដំបូលទាំងស្រុង ០៣ខ្នង, ខូចខាតមធ្យម ៦ខ្នង, ខូចខាត តិចតួច ៧០ខ្នង។ ភូមិអន្លង់គគី មាន ៦៦ខ្នងផ្ទះ រលំទាំងស្រុង ០២ខ្នង, ខូចខាតមធ្យម ៥០ខ្នង, ខូចខាតតិចតួច ១៤ខ្នង។ មនុស្សបណ្តាលឲ្យរងគ្រោះចំនួន ០២នាក់(១នាក់បញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាពចក្រីទីង និង១នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។
*ទី២- ឃុំត្រពាំងព្រីង ប៉ះពាល់ ០៥គ្រួសារ នៅចំណុចភូមិអង្គ រងការខូចខាតកម្រិតមធ្យម។
*ទី៣- ឃុំកូនសត្វ  រងការប៉ះពាល់ចំនួន២២ ខ្នងផ្ទះ នៅចំណុចភូមិបុស្សញិញ ក្នុងនោះ រលំទាំងស្រុង ០២ផ្ទះ  ខូចខាតមធ្យម ២០ ខ្នងផ្ទះ៕