(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងរៀបចំការប្រគុំតន្ត្រីធំមួយ ក្រោមប្រធានបទ៖ ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅមុខអគារមហោស្រពកោះពេជ្រ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៤។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ជាការគត់សម្គាល់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕