(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បើពោលអំពីព្រះនគរខ្មែរ ដែល​រាជ​រដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាថ្ងៃដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លាបំផុត សម្រាប់ប្រជាជាតិខ្មែរ មានក្ដីសោមនស្សអំណរសាទរសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ហ្លូងម៉ែក្នុងព្រះជន្ម៨៨ យាងចូល៨៩ ព្រះវស្សា សូមបួងសួងឲ្យព្រះអង្គ ប្រកបដោយព្រះបរមសុខ គ្រប់ប្រការនិងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា យ៉ាងអធិកអធ័មដូចសាធារណជាតិនិងអន្ដរជាតិឃើញនេះ។

បានបង្ហាញឲ្យ​ឃើញថា ថ្ងៃសិរីសួស្ដីហ្លួងម៉ែ គឺជាថ្ងៃសិរីសួស្ដីរបស់ព្រះនគរខ្មែរ ។ ព្រោះប្រពៃណីតាំងពីបុរាណមក គ្មានថ្ងៃណាល្អជាងថ្ងៃចម្រើនព្រះជន្មនោះទេ ដោយទ្រង់ជាទីគោរពសក្ការៈបំផុត ក្នុងដួងចិត្ដរបស់ប្រជាជាតិខ្មែរយើងគ្រប់ៗរូប ទូទាំង​កម្ពុជរដ្ឋ ។

លោក រ័ត្ន សណ្ដាប់ បន្តថា បើពោលអំពីដើមកំណើតនៃការប្រារព្ធពិធីចម្រើន​ព្រះជន្ម ឬខួបកំណើតនេះ​ទៀតសោត មានគ្រប់ជាតិសាសន៍ទាំងអស់ អាស្រ័យទៅតាមវប្បធម៌ ប្រពៃណីរបស់ជាតិសាសន៍នីមួយៗ ខណៈដំបូងទ្បើយជនជាតិអេហ្ស៊ីប ក្នុងរជ្ជកាលព្រះបាទផារ៉ោន- Pharaoh ក្នុងការចាប់កំណើត និងគ្រងរាជ្យមានកិច្ចពិធីជប់លៀងជានិមិត្ដរូបនៃ "ព្រះ" ក្នុងទម្រង់ជាមនុស្សនាសម័យអាណាចក្របុរាណ។ មាន​ន័យ​ថា ការ​ប្រារព្ធ​ពិធីចម្រើនព្រះជន្ម ឬខួប​កំណើត​ដំបូង​មិនមែន​សម្គាល់ជា​កំណើត​របស់​មនុស្ស​ទេ ប៉ុន្តែ​ជា​កំណើត​នៃ​"ព្រះ" ។

មួយវិញទៀត បើពោលអំពីប្រព័ន្ធជំនឿរបស់ជនជាតិក្រិកវិញ ក្នុងការប្រារព្ធពិធីចម្រើនព្រះជន្ម ឬខួបកំណើត គេជឿថាតាមរយ:សរសេរឈ្មោះ គឺជាថ្ងៃដ៏អស្ចារ្យបំផុត ហៅថា" ថ្ងៃរបស់ខ្ញុំ " ព្រោះក្នុងអំឡុងពេលខួបកំណើត វិញ្ញាណផ្ទាល់ខ្លួនបង្កើតរូបរាងរបស់ពួកគេ។ មានន័យថាការជូនពរខួបកំណើត ធ្វើឲ្យវិញ្ញាណមានភាពប្រសើរឧត្ដុង្គឧត្ដម ព្រោះមនុស្សគ្រប់រូបមានវិញ្ញាណការពារនៅពេលកើត។ វិញ្ញាណនេះបានបង្កើតទំនាក់ទំនងដ៏អាថ៌កំបាំងជាមួយមនុស្ស ហើយបានបន្តឃ្លាំមើលពួកគេក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេដោយការប្រារព្ធថ្ងៃដែលបានកើត ដើម្បីបង្កើតការការពារសម្រាប់ឆ្នាំដ៏ល្អខាងមុខៗ ទៀត ។

លោករ័ត្ន សណ្តាប់ បញ្ជាក់ថា សព្វថ្ងៃជាទូទៅមនុស្សជុំវិញពិភពលោក បានប្រារព្ធពិធីចម្រើនព្រះជន្ម ឬខួបកំណើតតាមរបៀបស្រដៀងៗគ្នា មាននំខួបកំណើត ទៀន ផ្កា និងបទចម្រៀង ព្រមទាំងការជូនពរ។ ព្រោះជនជាតិក្រិកជឿថា នំតុបតែងដោយការដោតទៀនលម្អក្នុងថ្ងៃខួបកំណើតដើម្បីអបអរសាទរ គឺជា "ព្រះច័ន្ទ "។ ព្រោះក្រិក​ ជឿ​ថា​ផ្សែង​បាន​ជួយ​នាំ​សាររបស់​ខ្លួន​ទៅ​កាន់​ឋានព្រះ ដោយ​ការ​ផ្លុំ​ទៀន ជួយ​ផ្ញើ​ក្តី​ប្រាថ្នា​របស់​ខ្លួនឡើង​លើ​ឋានសួគ៌ ។ ម្យ៉ាងទៀតការបួងសួងក្នុងថ្ងៃនេះ ធ្វើឲ្យសត្រូវក្លាយជាមិត្ដ ។ ដូច្នេះចំពោះព្រះរាជពិធីចម្រើនព្រះជន្មហ្លួងម៉ែ គឺពិតជាបង្ហាញអំពីគុណតម្លៃស្រ្ដីក្នុងអារ្យធម៌ខ្មែរ ដោយឈរលើគោលការណ៍ស្រ្ដីជាទីប្រសើរដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម ជាគ្រឹះដ៏រឹងមំានៃតុល្យភាពសង្គម និងសន្ដិភាព ៕