(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន៧៨គ្រួសារ រស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ។

សកម្មភាពនាំយកអំណោយសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះ ក៏មានការចូលរួមពីលោក ម៉ៅ សឿត ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ និងជាអធិការនគរបាលខណ្ឌ រួមជាមួយក្រុមការងារជាច្រើននាក់ទៀត ។

មានមតិសំណេះសំណាល និងផ្ដាំផ្ញើក្នុងកម្មវិធីមនុស្សធម៌នេះដែរ លោកអភិបាលខណ្ឌបានថ្លែង ដូច្នេះថា ថ្វីដ្បិតតែអំណោយទាំងនេះ មិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន តាមរយៈអាជ្ញាធរខណ្ឌសម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។

លោកអភិបាលខណ្ឌបានបន្តថា ក្រោមដំបូលសន្តិភាពប្រទេសជាតិយើងមានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យើងចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព បន្តការអភិវឌ្ឍរីកចម្រើន ថែមទៀត។ អ្វីដែលសំខាន់ ចាប់តាំងពីបងប្អូនមករស់នៅក្នុងសហគមន៍នេះ គឺបងប្អូនមានភាពកក់ក្តៅដោយសារតែអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់រៀបចំលំនៅឋាន ចែកជូនបងប្អូន មានទឹក អគ្គិសនីរដ្ឋ ប្រើប្រាស់ និងធ្វើប្លង់ជាលក្ខណៈប្រព័ន្ធជូនបងប្អូន ដែលបងប្អូនមានសិទ្ធិ កាន់កាប់ តកូនតចៅ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី ដែលជានិច្ចកាលលោកតែងតែគិតគូរខ្ពស់ ពីការរស់នៅរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិ សាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ។

លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ មកលោក ម៉ៅ សឿត អធិការខណ្ឌ ដល់អាជ្ញាធរ សង្កាត់ និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ និងក្រុមការងារបានធ្វើដំណើរចុះពិនិត្យស្ពានឈើ ដែលទើបតែសាងសង់រួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាតប្រឡាយចូលទៅលំនៅដ្ឋាន។

អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ៕