(ព្រៃវែង)៖ លោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានីចុះពិនិត្យព្យាបាលជំងឺ និងចែកឱសថព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណ៥០០០ នាក់ នៅវិទ្យាល័យរស្មីសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

លោក សួន សុម៉ាលីន បានថ្លែងថា ការចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ គឺជាស្មារតីមនុស្សធម៌ សុទ្ធសាធដែលស្តែងចេញពីសេចក្ដីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានខិតខំលះបង់ ស្របទៅនឹង អ្វីដែលជាបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្ថែមថា ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួម ចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថាការពិគ្រោះជំងឺរួមមាន ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរក មេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ ព្យាបាល និងពិគ្រោះជំងឺ របស់ក្រុមគ្រូពេទ្យលោក ហ៊ុន ម៉ានី នេះក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំងដោយបានមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នឹងសូមអរគុណលោក ហ៊ុន ម៉ានី ដែលបាននាំក្រុមគ្រូពេទ្យមកពិនិត្យសុខភាពពលរដ្ឋដល់ផ្ទះតែម្តង៕