(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់ផ្ទះដែលមានបន្ទប់ជួល និងអ្នកស្នាក់នៅតាមបន្ទប់ជួល បណ្ដោះអាសន្នទាំងអស់ បើក្នុងករណីបានឃើញ ឬបានដឹងពីសកម្មភាពប្រើប្រាស់ ការចរាចរ ឬការជួញដូរគ្រឿងញៀន ត្រូវសហការ និងរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់ និងអាចឈានដល់ការបង្ក្រាបទាន់ពេលវេលា ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គមឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

ការណែនាំ និងជម្រុញយ៉ាងដូច្នេះរបស់លោក ជិន ប៊ុនធឿន ធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីលោក ស្មាស់ រិទ្ធី អភិបាលរងខណ្ឌ, លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ, និងលោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, និងកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើនរូបទៀត បានចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន ក្នុងឱកាសដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គមនេះ បានជម្រុញឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នាចំពោះការរក្សាអនាម័យ បរិស្ថានឲ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព ក៏ដូចជាការរក្សាផាសុខភាពជុំវិញការរស់នៅ និងអាចជៀសផុតពីការឆ្លងដោយសារជម្ងឺដង្កាត់ផ្សេងៗ ក្រៅពីការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចនូវគ្រោះអគ្គិភ័យ ដែលអាចកើតឡើងដោយយថាហេតុ៕