(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានលើកឡើងថា ការសម្ពោធជើងហោះហើរត្រង់ទី១ ជាប្រវត្តិសាស្ដ្ររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌា និងព្រឹត្តិការណ៍ ឆ្នាំ២០២៤ ទេសចរណ៍-ឥណ្ឌាលើកទី១ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ពោធការហោះហើរត្រង់លើកដំបូងរវាងកម្ពុជា និងឥណ្ឌា (ភ្នំពេញ និងញូវដេលី)។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នៃការសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា និងព្រឹត្តិការណ៍ ឆ្នាំ២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ នាឱកាសនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសយើងទាំងពីរ»

បើតាមការគូសបញ្ជាក់របស់លោកសន្ដិបណ្ឌិត នេត សាវឿន, វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសឥណ្ឌាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងបណ្តាឆ្នាំចុងក្រោយ បន្ទាប់ពីមានវិបត្តិសាកលជំងឺកូវីដ-១៩។

លោកបន្ដថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារឥណ្ឌាកើនដល់ ជាង៣០០លានដុល្លារ នៅឆ្នាំ២០២៣ ពោលមានការកើនឡើងប្រហែល៥០% បើប្រៀបធៀប ទៅឆ្នាំ២០២២ ហើយទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់ជិត៤៨៥.៧លានដុល្លារ ពោលគឺកើនឡើងប្រហែល១០.៤ភាគរយនៅឆ្នាំ២០២៣ ស្មើនឹងប្រមាណ៤៤០លានដុល្លារនៅឆ្នាំ២០២២ ដែលធ្វើឲ្យឥណ្ឌាឈរនៅលេខរៀងទី១៧ នៃដៃគូពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា។

មុនវិបត្តិជំងឺកូវីដ១៩ ចំនួនអ្នកទេសចរឥណ្ឌាដែលចូលមកកាន់ប្រទេសកម្ពុជាមាន ចំនួនប្រមាណជាង៧៥,០០០នាក់ក្នុងមួយឆ្នាំ។ ជាមួយនឹងការបើកការហោះហើរផ្ទាល់រវាង ប្រទេសទាំងពីរ, កម្ពុជា រំពឹងថា ចំនួនអ្នកទេសចរឥណ្ឌាមកកាន់កម្ពុជានឹងមានចំនួនកើនឡើងជាលំដាប់ ព្រមទាំងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ និងទេសចរណ៍វេជ្ជសាស្ត្រ ពីកម្ពុជាទៅប្រទេសឥណ្ឌាវិញផងដែរ ពីព្រោះថាសេវាកម្មព្យាបាលនៅប្រទេសឥណ្ឌា គឺជាសេវាសុខាភិបាលដ៏មានគុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យ បើប្រៀបធៀបនឹងប្រទេសមួយចំនួនលើសកលលោក។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពលរដ្ឋកម្ពុជា និងឥណ្ឌា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនអនេកពីការហោះហើរត្រង់នេះ និងសង្ឃឹមជឿជាក់ថា ជើងហោះហើរដំបូងទី១ ដែលនឹងហោះចេញនាពេលបន្តិចទៀតនេះ នឹងក្លាយជានិមិត្តរូបនៃជោគជ័យផ្លែផ្កាដល់ ចំណងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសយើងទាំងពីរ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្នើឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបន្តសហការជាមួយ ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតឲ្យមានជើងហោះហើរត្រង់ថ្មីៗ ពីគ្រប់តំបន់ មកព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕