(ភ្នំពេញ)៖ លោក ខៃ រដ្ឋា មនុស្សបម្រើនយោបាយជនក្បត់ជាតិ សម រង្ស៉ី តាំងពីឆ្នាំ១៩៩៧ បានសម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពពីទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង ហើយសុំចូលរួមជីវភាពនយោបាយជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ខៃ រដ្ឋា ជាបុគ្គលមួយរូបដែលមានភក្តីយ៉ាងខ្លាំងក្លាយជាមួយទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ហើយបានចូលបម្រើនយោបាយទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ លោក រដ្ឋា បានប្រឹងប្រែង និងធ្វើសកម្មភាពជាច្រើនជាមួយបក្សប្រឆាំងដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក។
តាមរយៈភាពស្មោះត្រង់ និងការប្រឹងប្រែងនេះ លោក ខៃ រដ្ឋា ទទួលបានការពេញចិត្តពីទណ្ឌិត សម រង្ស៉ី និងបក្សប្រឆាំង ហើយប្រគល់តំណែងក្រាក់ៗជាច្រើនជូនលោក។ ឆ្នាំ២០០២-២០០៦ ជាថ្នាក់ដឹកនាំម្នាក់ជាមួយគណបក្ស សម រង្ស៊ី នៅរដ្ឋហាវៃ សហរដ្ឋអាមេរិក, ឆ្នាំ២០០៧-២០០៩ ចូលរួមចលនាយុវជនគណបក្ស សម រង្ស៊ី ប្រចាំសហរដ្ឋអាមេរិក, ឆ្នាំ២០១០-២០១២ ជាប្រធានក្រុមទ្រទ្រង់ការងារគណបក្ស សម រង្ស៊ី ប្រចាំក្រុងបាត់ដំបង ខេត្តបាត់ដំបង, ឆ្នាំ២០១៣-២០១៦ ជាប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក, ឆ្នាំ២០១៣-២០១៧ ជាអនុប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំទ្វីបអាមេរិកខាងជើង, ឆ្នាំ២០២២ ដល់ពេលបច្ចុប្បន្ន ជាអគ្គលេខាធិការគណបក្សភ្លើងទៀន ប្រចាំទ្វីបអាមេរិកខាងជើង។
ពេលនេះលោក ខៃ រដ្ឋា ឆ្អែតឆ្អន់ និងភ្ញាក់រលឹកប្រែកាយលែងធ្វើជាឈ្នាន់នយោបាយសម្រាប់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំងជ្រុលនិយមទៀតហើយ បន្ទាប់ពីលោកមើលឃើញថា នយោបាយរបស់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំងជ្រុលនិយមមិនបាននាំការចម្រើនដល់ជាតិ។
បន្ទាប់មើលឃើញច្បាស់នយោបាយចង្រៃរបស់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំង លោក ខៃ រដ្ឋា បានសុំក្តីសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តដំណើរជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសយកចំណេះជំនាញដែលប្រឹងប្រែងសិក្សារៀនសូត្រនៅក្រៅប្រទេស ចូលរួមបម្រើជាតិ និងប្រជាជនស្របតាមបំណងប្រាថ្នារបស់ខ្លួន។
លោក ខៃ រដ្ឋា បានមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ។ ទន្ទឹមនឹងនេះ លោក ខៃ រដ្ឋា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងផ្តល់គុណប្រយោជន៍មហាសាលសម្រាប់ខ្មែរ៕