(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួង តំណាងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា  រំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។

សូមជម្រាបថា: X-16 ជា ទីតាំង ចំណុចចាប់ផ្ដើមនៃការបង្កើតចលនាមូលដ្ឋានរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

២០ មិថុនា ១៩៧៧ គឺជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធមិត្តបួនរូបផ្សេងទៀត បានយកអាយុជីវិតជាដើមទុន ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ត្រង់ចំណុច X-16 ដើម្បីស្វែងរកជំនួយយោធាក្នុងការរំដោះជាតិមាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ផ្ដើមចេញពីដំណាក់ជាប្រវត្តិសាស្រ្តនេះ ទើបនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក៏ត្រូវបានបង្កើតឡើង ដោយសម្តេចចក្រី ហេង សំរិន សម្តេចពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងស្មារតី ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩៕