(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នាក្នុងការបញ្ជ្រាបកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ទៅក្នុងទស្សនៈរបស់យុវជន និងសង្គម ដើម្បីជួយឱ្យប្រជាពលរដ្ឋដែលគ្មានជំនាញពីមុន បានក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។

ការជំរុញនេះធ្វើឡើងក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

លោករដ្ឋមន្ត្រីបានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី ប៉ុន្តែមានកម្មវិធីបង្រៀន ក៏ដូចជាម៉ោងរៀនបត់បែនដែលអាចផ្តល់ឱកាសដល់យុវជន ក៏ដូចជាកម្មករនិយោជិត ឬបុគ្គលទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអាចជ្រើសរើស ជាកន្លែងសម្រាប់បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក៏ដូចជាសម្រាប់ដំឡើងកម្រិតជំនាញបន្ថែមបាន ឬមួយក៏អាចធ្វើការផ្លាស់ប្តូរជំនាញទៅតាមអ្វីដែលខ្លួនចង់ផ្លាស់ប្តូរបាន។

លោករដ្ឋមន្ត្រី ហេង សួរ ថ្លែងយ៉ាងដូច្នេះថា «ដើម្បីឱ្យកម្មវិធី TVET មានការគាំទ្រកាន់តែផុលផុសបន្ថែមទៀត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នា ទើប TVET អាចបញ្ជ្រាបទៅក្នុងទស្សនៈរបស់យុវជន និងសង្គម ហើយទទួលយក TVET ជាស្ពានជាថ្នាលដែលអាចធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋគ្មានជំនាញពីមុន ឱ្យក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត»

លោកបន្តថា ចំពោះអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯងក្លាយទៅជាមនុស្សម្នាក់មានជំនាញ មានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ពន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។

លោករដ្ឋមន្ត្រីបង្ហាញក្ដីសង្ឃឹមថា យុវជនដែលទើបតែដល់វ័យចូលទីផ្សារការងារងាកមករើសជំនាញ TVET មួយដែលទីផ្សារកំពុងត្រូវការ ជំនាញដែលប្រើប្រាស់បច្ចេកវិទ្យា ជាជំនាញដែលប្រើប្រាស់បច្ចេកទេស ហើយធ្វើឱ្យខ្លួនគាត់អាចចាប់យកឱកាសការងារ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារល្អជាងមុន មិនប្រើកម្លាំងបាយដូចមុន។

តាមរយៈរបាយការណ៍របស់លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញថា អ្នកដែលបានចូលរួមទិវាជាតិក្នុងឆ្នាំនេះមានចំនួនសរុបប្រមាណ៦ម៉ឺន៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូងដែលមានអ្នកចូលរួមប្រមាណតែ៣ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះបានបង្ហាញឱ្យយើងឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុសិស្សបាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែច្រើនជាងមុន។

សូមជម្រាបថា ក្នុងទិវាជាតិរយៈពេល២ថ្ងៃនេះ (១៥-១៦ ខែមិថុនា) ក្រសួងបានរៀបចំឱ្យមានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ ខ្សែសង្វាក់ផលិតកម្ម ការធ្វើតេស្តវាយតម្លៃសមត្ថភាព ព្រមទាំងសមិទ្ធផល និងស្នាដៃផ្សេងៗ បង្កប់នូវគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មីជាច្រើន ជាពិសេសការបង្ហាញជូនដល់សាធារណជនបានទស្សនាដោយផ្ទាល់នូវមនុស្សយន្តផលិតដោយក្រុមនិស្សិតខ្មែរ ដែលមានសមត្ថភាពអាចនិយាយឆ្លើយឆ្លងគ្នាបានរហូតដល់៦ភាសា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទសំខាន់ៗជាច្រើន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានអំពីឱកាសទទួលបានជំនាញ និងអត្ថប្រយោជន៍ផ្សេងៗពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈផងដែរ៕