(កំពង់ធំ)៖ លោក ព្រំ វ៉ាន់ឌី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងក្រុមការងារ ស .ស .យ .ក និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្ត បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ច្បាប់ផ្លូវថ្នល់, គ្រឿងញៀន, ជំងឺអេដស៍នៅវិទ្យាល័យ ហ៊ុន សែន បល្ក័ង ដោយមានលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សចូលរួមសរុបចំនួន១៣៤០នាក់ (ស្រី៧២៧នាក់) នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

លោក ព្រំ វ៉ាន់ឌី បញ្ជាក់ថា កម្មវិធីអប់រំផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹងបន្ថែមស្តីពីសុវត្ថិភាពចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសសិស្សានុសិស្ស ដែលស្ថិតក្នុងវ័យប្រើប្រាស់កង់ ឬម៉ូតូ ជាមធ្យោបាយធ្វើដំណើរ និងជាជនងាយរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានការយល់ដឹងកាន់តែច្បាស់ ក៏ដូចជាការពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន និងយកចំណេះដឹងដែលខ្លួនទទួលបានទៅអប់រំ និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមិត្តភក្តិ។

លោកសូមអំពាវនាវប្រជពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខ។

ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការសួរសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានរង្វាន់ជាមួកសុវត្ថិភាព ១.មួកសុវត្ថិភាព ០៥មួក ២.ខិត្តបណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ១៣៤០សន្លឹក ៣. សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្ដត្រូវយល់ដឹង ១៣៤០ក្បាល ៤.ស្ទិកគ័រចំណាំងផ្លាត ១០០សន្លឹក៕