(ភ្នំពេញ)៖ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានលើកឡើងថា កាផ្ដល់សេវាយឺតឬលឿន អាស្រ័យទៅលើភាពប៉ិនប្រសព្វក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំនៅតាមបណ្ដាមូលដ្ឋាននីមួយៗ ខណៈដែលក្រសួងបានរៀបចំនូវស្ដង់ដាររួមមួយក្នុងការរៀបចំកន្លែងរដ្ឋបាលទាំងអស់។

លោកបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងមហាផ្ទៃ។ សន្និសីទនេះមានការចូលរួមរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ផងដែរ។

លោក សួស ប្រាថ្នា បានថ្លែងថា ក្រសួងមហាផ្ទៃបានរៀបចំស្ដង់ដាររួមមួយក្នុងការរៀបចំទីកន្លែង ការបំពាក់ឧបករណ៍សម្ភារៈបរិក្ខារ និងការបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញអង្គភាពច្រកចេញចូលតែមួយនោះ ទៅលើបែបបទនិងនីតិវិធីនៃការផ្ដល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ ហើយការបណ្ដុះបណ្ដាលនេះ គឺរួមមានការធ្វើបដិសណ្ឋារកិច្ចនៅក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទន្ទឹមនេះក៏ឱ្យមានការរៀបចំទីកន្លែងសម្រាប់ទទួលប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរនៅពេលដែលគាត់បានមកទទួលសេវា ឬស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយ។

លោកអគ្គនាយកបន្តថា «ការវាយតម្លៃនៃការបំពេញការងាររបស់មន្រ្តីក្នុងការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ គឺវាមានភាពខុសគ្នា ពីកន្លែងមួយទៅកន្លែងមួយ ដោយសារការធ្វើបដិសណ្ឋារកិច្ចរបស់មន្រ្តីនៅតាមមូលដ្ឋាននីមួយៗផងដែរ ដូច្នេះអាប្បកិរិយាមិនដូចគ្នាទេ នៅថ្នាក់ក្រុងស្រុកខណ្ឌ មន្រ្តីដែលគាត់ចុះមកធ្វើការមានអាប្បកិរិយា ឥរិយាបថ រួសរាយរាក់ទាក់ នៅកន្លែងខ្លះទៅមិនសូវរួសរាយរាក់ទាក់ជាដើម»

ជាមួយគ្នានោះ លោកអគ្គនាយកបានគូសបញ្ជាក់ថា កិច្ចការងារនេះអាស្រ័យទៅលើថ្នាក់ដឹកនាំនៅតាមមូលដ្ឋាននីមួយៗ ដែលគាត់មានភាពប៉ិនប្រសព្វក្នុងការកៀរគរមន្រ្តីក្នុងការចូលរួម បើថ្នាក់ដឹកនាំដែលគាត់យកចិត្តទុកដាក់នៅក្នុងការឱ្យមន្ត្រីចូលរួមនៅអង្គភាពច្រកចេញចូលតែមួយនេះ គាត់មានការយកចិត្តទុកដាក់ពីក្រុមមន្រ្តី បន្ទាប់មកគាត់ណែនាំឱ្យមន្ត្រីទាំងអស់នោះ ធ្វើបដិសណ្ឋារកិច្ចចំពោះប្រជាពលរដ្ឋដែលមកស្នើសុំសេវាឱ្យបានល្អប្រសើរ ហើយជាក់ស្ដែងយើងមានរដ្ឋបាលខណ្ឌច្បារអំពៅមួយ ដោយប្រជាពលរដ្ឋដែលទៅស្នើសុំសេវាពីរដ្ឋបាលខណ្ឌនេះតែងមានការពេញចិត្ត ជឿជាក់ទៅលើអាជ្ញាធរ ហើយរាល់សេវាដែលគាត់បានទៅស្នើសុំតែងតែមានភាពលឿនរហ័ស ហើយមានគុណភាពផងដែរ នេះហើយគឺជាភាពច្នៃប្រឌិតនិងប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំនៅតាមរដ្ឋបាល និងអង្គភាពច្រកចេញចូលតែមួយគ្រប់បណ្ដារាជធានីខេត្តទាំងអស់៕