(កណ្តាល)៖ កាលពីចុងសប្ដាហ៍នេះលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកស្រី រួមជាមួយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី បានអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តថ្វាយព្រះរាជកុសលថ្វាយព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា​ ស្ថិតនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងពិធីនេះក៏មានវត្តមានចូលរួមពីសំណាក់សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាលផងដែរ។

ស្ថិតក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត ទូលព្រះបង្គំយើងទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណម្យក្រាបថ្វាយបង្គំសម្តែងនូវកតញ្ញកតវេទិតាធម៌ដ៏ជ្រាលជ្រៅថ្វាយ និងបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បុណ្យបារមីដួងព្រះវិញ្ញាណ ក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមជួយថែរក្សាអភិបាល និងប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រី សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណ ភ្លឺថ្លា ព្រះកាយពល មាំមួន ព្រះរាជសុខភាពល្អបរិបូណ៌ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ក្នុងបុព្វហេតុដើម្បី សង្គមធម៌ មនុស្សធម៌ និងជាព្រះវីរគំរូល្អឆ្នើម សម្រាប់ជាតិ និងប្រជានុរាស្ត្ររបស់ព្រះអង្គ៕