(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោក វ៉ី សំណាង សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២១៦នាក់ ស្រី៧៧នាក់ មកពីអតីតនៃនិន្នាការនយោបាយគណបក្សផ្សេង ធ្វើឡើងនៅសាលប្រជុំធំរបស់មន្ទីរគណបក្សខេត្ត។

បន្ទាប់មានចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោល​យ៉ាង​ខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និង​គ្មាន​គោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ថ្ងៃនេះគណបក្សខេត្តកំពង់ស្ពឺ បានប្រកាសបញ្ចូលសមាជិកថ្មីដែល​ផ្តាច់ខ្លួន បាន​មកបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ដោយគ្មានជំនឿចិត្ត និងការបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំងពួកគេ ក៏សម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយបក្សដែលខ្លួនស្ម័គ្រស្មោះ ហើយសុំការអនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជា​មួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។

ពួកគេបានគូសបញ្ជាក់ថា នៅពេលនេះបានមើលឃើញច្បាស់​ដោយ​ឥតសង្ស័យ គណ​បក្ស​ប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណ​បំណាច់ដ៏ធំធេង​សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ដ៏ខ្លាំង​ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ​ពូជ​សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕