(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងថ្វាយបង្គុំបុណ្យរ៉យ៉ាហាជ្ជី នៅវិហារធំគីឡួម៉្រែតលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ថ្ងៃបុណ្យរ៉យ៉ាហាជ្ជីនេះ នៅថ្ងៃទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មហាំម៉ាត់សករាជ ដែលត្រូវនឹងថៃ្ងចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ជាថ្ងៃដែលមានលក្ខណៈធំធេង និងវិសេសវិសាលបំផុត នៅក្នុងសាសនាឥស្លាម។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់បងប្អូនសាសនិកឥស្លាម ជាទីនឹករលឹកបំផុត។

លោកទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានាមកនូវសុខដុមរមនា រវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនេះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។

ជាងនេះទៅទៀត លោកបណ្ឌិតបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ហើយបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបមុខរបរទទួលទាន និងទទួលបានជីវភាពប្រសើរជាងមុន។ ជាក់ស្តែង នៅឆ្នាំ២០២៤ នេះ កម្ពុជាមានសាសនិកឥស្លាមចំនួន ៩១០នាក់ មានលទ្ធភាពទៅធ្វើបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២លាននាក់ នៅជុំវិញសកលលោក ក្នុងនោះ កម្ពុជាទទួលបានព្រះរាជទានពី ព្រះចៅសាល់ម៉ាន ពិន​ អាប់ឌុលអាហ្ស៊ីស អាល់ស៊ូអ៊ូទ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ចំនួន២០នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសថ្ងៃបុណ្យរ៉យ៉ាហាជ្ជីដ៏ថ្លៃថ្លានេះ លោកបណ្ឌិត សូមបួងសួងទៅចំពោះអល់ឡោះជាម្ចាស់ ប្រសិទ្ធិពរជ័យ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាជនទូទៅ ទាំងក្នុង និងក្រៅប្រទេស សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រុងរឿង តរៀងទៅ និង សូមឲ្យអល់ឡោះជាម្ចាស់ ទទួលយកអំពើកុសលទាំងឡាយដែលយើងបានសាង និងបានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋផងដែរ ដែលបានគាំទ្រដល់គម្រោងព្រែកជីកហ្វូណន ដែលជាគម្រោងដ៏ធំ និងផ្តល់ប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ។

សូមជម្រាបថា ពិធីបុណ្យហាជ្ជ ឬរ៉យ៉ាហាជ្ជី គឺជាកាតព្វកិច្ចមួយ នៅក្នុងចំណោមកាតព្វកិច្ចទំាង៥ នៃសាសនាឥស្លាមទៅចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់បាន បង្គាប់បញ្ជាមកលើជនមុស្លិមគ្រប់រូប។ កាតព្វកិច្ចទំាង៥ នៃសាសនាឥស្លាម រួមមានការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហំាម៉ាត់ ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃមួយយប់ ៥ដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាឌន (Sawm) និងពិធីបុណ្យហាជ្ជនេះតែម្ដង។

ការបំពេញកាតព្វកិច្ចហាជ្ជ ជាការអនុវត្តតាមគម្ពីរគួរអាន និងស៊ុនណះ ឬសកម្មភាពដែលអ្នកសាររបស់អល់ឡោះជាម្ចាស់ គឺមហាំម៉ាត់ បានធ្វើកាលពីជាង ១,៣៧៧ឆ្នាំមុន។ ក្នុងពិធីបុណ្យហាជ្ជនេះ តម្រូវឱ្យអ្នកកាន់សាសនាឥស្លាមសម្លាប់សត្វពាហនៈ ដូចជា គោ ចៀម ឬអូដ្ឋជាដើម យកទៅចែកជូនបងប្អូន អ្នកជិតខាងបរិភោគ ជាពិសេសអ្នកក្រក្រី៕