(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធទិវាខួបកំណើតគម្រប់ ២៦ឆ្នាំ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការយាង និងចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់លំដាប់ថ្នាក់។

តាំងពីបង្កើតនៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ១៩៩៨ ក្រុមប្រឹក្សាធម្មនុញ្ញ បានបំពេញសមត្ថកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ តាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាគួរជាទីមោទៈ។ សមិទ្ធផលទាំងអស់នេះ បានមកដោយសារមានការចូលរួម និងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ទាំងបញ្ញាញាណរបស់លោកកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ។

ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានខិតខំបំពេញតួនាទីជាសេនាធិការ ជូនក្រុមប្រឹក្សាធម្មនុញ្ញ ដោយអនុវត្តភារកិច្ចបានតាមការគ្រោងទុក និងបំពេញការងារថ្មីៗក្រៅផែនការបានច្រើន។

ដើម្បីជៀសវាងការយល់ច្រឡំ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានឱ្យដឹងថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ តែស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ពោលគឺ ៥ឆ្នាំក្រោយរដ្ឋធម្មនុញ្ញ ត្រូវបានប្រកាសឱ្យប្រើប្រាស់។

សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូល មានសមត្ថកិច្ចធានាការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ថ្វាយមតិព្រះមហាក្សត្រ លើសំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ៕