(ភ្នំពេញ)៖ លោក​បណ្ឌិត ទូច សុឃៈ​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការមានឧបករណ៍សម្ភារៈបរិក្ខារបច្ចេកវិទ្យាទំនើប ជូនមន្ត្រីរដ្ឋបាល ពិតជាល្អ ប៉ុន្តែបើប្រជាពលរដ្ឋមិនបានយល់ដឹងពីបច្ចេកវិទ្យាទាំងនោះ ក៏ជាកត្តាមួយពិបាកប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានោះដែរ។

ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ នៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា៖ «ប្រសិនជាមានឧបករណ៍សម្ភារៈដល់តែមន្រ្តីយើងផ្នែកបច្ចេកវិទ្យាទាំងអស់ តែបងប្អូនប្រជាពលរដ្ឋលោកជាអ្នកទទួលសេវា លោកមិនបានចំណេះដឹងមូលដ្ឋានអំពីផ្នែកបច្ចេកវិទ្យានេះ ក៏លោកពិបាកប្រើប្រាស់ផងដែរ អីចឹងខ្ញុំសំណូមពរបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ប្រឹងប្រែងស្វែងយល់ពីការវិវត្ត ការរីកចម្រើននៃបច្ចេកវិទ្យាផងដែរ ឱ្យស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលឌីជីថលដើរទៅរលូន ហើយបងប្អូនក៏ងាយស្រួលទទួលបានសេវាបានយ៉ាងឆាប់រហ័សផងដែរ»

លោកបានបន្តថា ទៅថ្ងៃខាងមុខ ឌីជីថលនេះហើយគឺជាត្រីមុខដ៏សំខាន់បំផុត ដែលយើងម្នាក់ៗត្រូវតែដើរឱ្យបានទាន់ការរីកចម្រើនចុងក្រោយនៃបច្ចេកវិទ្យាទំនើបនេះផងដែរ។

បន្ថែមពីនោះ លោកបណ្ឌិតក៏បានលើកឡើងពីទស្សនៈវិស័យមួយរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា «ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ» ហើយសេវាសាធារណៈ ជាពិសេសយន្តការច្រកចេញចូលតែមួយក្ដី ឬការិយាល័យប្រជាពលរដ្ឋក្ដី គឺលោកយកចិត្តទុកដាក់ខ្លាំងណាស់ ជាយន្តការពិសេសមួយដែលបង្ខិតសេវាចូលទៅដល់ជិតដៃបងប្អូនប្រជាពលរដ្ឋតែម្ដង ហើយលោកអភិសន្តិបណ្ឌិត តែងតែមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធឬមន្ត្រីជំនាញក្នុងបន្ទុកទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យមើលថាតើមានសេវាណាខ្លះ ដែលនឹងត្រូវធ្វើការសិក្សានិងផ្ដល់ជូនសេវាដល់ប្រជាពលរដ្ឋ។

បើតាមបណ្ឌិត ទូច សុឃៈ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នឹងរៀបចំសនិ្នសីទសារព័ត៌មានលើប្រធានបទផ្សេងទៀតដែលពាក់ព័ន្ធនឹងការងាររបស់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខណ្ឌការងារស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះលោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ការផ្តល់សេវាតាមច្រកចេញចូលតែមួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពិសេសគឺការខិតខំធ្វើឱ្យនីតិវិធីកាន់តែសាមញ្ញ មានតម្លាភាព និងឆាប់រហ័ស ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន ស្របតាមគោលបំណងរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាមការវិវត្ត និងតម្រូវការក្នុងសង្គម ដើម្បីបង្កភាពងាយស្រួលនិងធានានូវភាពពេញចិត្តរបស់ប្រជាពលរដ្ឋ។

សូមជម្រាបផងដែរថា គោលបំណងចម្បងនៃការរៀបចំសន្និសីទរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃនាពេលនេះ គឺដើម្បីផ្សព្វផ្សាយជូនសាធារណជនអំពីលទ្ធផលការងារ និងទិសដៅអាទិភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លើការអនុវត្តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់ គឺថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់៕