(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា វិមានរដ្ឋធម្មនុញ្ញ សម្រេចការសាងសង់បាន ៧០ភាគរយហើយ និងគ្រោងសម្ពោធ ចំទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក អ៉ឹម ឈុនលឹម ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាខួបកំណើតគម្រប់ ២៦ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការយាង និងចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់លំដាប់ថ្នាក់។

បើតាមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ការសាងសង់វិមានរដ្ឋធម្មនុញ្ញ សម្រេចបានតាមផែនការ ពោលគឺប្រមាណ ៣ខែទៀត វិមានរដ្ឋធម្មនុញ្ញ នឹងត្រូវសាងសង់រួចជាស្ថាពរតែម្តង។

សូមជម្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យក្រុមប្រឹក្សាធម្មនុញ្ញ មានការប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ វិមានរដ្ឋធម្មនុញ្ញ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម តំណាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យដឹងថា វិមានរដ្ឋធម្មនុញ្ញ ត្រូវប្រើពេលវេលាសាងសង់ រយៈពេល ១២ ទៅ១៥ខែ។ លោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាបត្យករ។

លោក អ៉ឹម ឈុនលឹម ធ្លាប់រៀបរាប់ពីបុព្វហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញយ៉ាងដូច្នេះថា ប្រទេសកម្ពុជា បានទទួលយកទស្សនទានធម្មនុញ្ញនិយមទំនើប ជាលើកដំបូងតាមរយៈរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើជាលើកទី១ នៅឆ្នាំ១៩៤៧។ រយៈពេលជិត ៨ទសវត្សរ៍ ក្រោយការចាប់បដិសន្ធិនៃរដ្ឋធម្មនុញ្ញទី១ កម្ពុជា បានផ្លាស់​ប្ដូរ​រដ្ឋ​ធម្មនុញ្ញជាបន្តបន្ទាប់ រហូតមកដល់រដ្ឋធម្មនុញ្ញទី៦ បច្ចុប្បន្ននេះ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ​ក្នុងឆ្នាំ១៩៩៣ និងជារដ្ឋធម្មនុញ្ញដែលកំពុងស្ថិតនៅជាធរមាន រហូតដល់បច្ចុប្បន្ន។

បើតាមលោក អ៉ឹម ឈុនលឹម ដោយយល់ឃើញថា ក្នុងប្រវត្តិសាស្ត្រ​នៃការចាប់​កំណើត​ធម្ម​នុញ្ញ​និយម កម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បីជានិមិត្តរូប និងជាទីសម្រាប់​ប្រារព្ធ​​​ពិធីអបអរខួបរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសនៅឡើយ និងដោយយល់​ឃើញថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព ធានាបាននូវអាយុកាលយូរអង្វែងទៅមុខនៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន អាស្រ័យដោយមាន​នយោបាយឈ្នះ-ឈ្នះ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនា​បតីតេជោ​នា​យក​រដ្ឋមន្ត្រី ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា នេះជាសម័យកាលដ៏សមគួរ ក្នុងការស្ថាបនា​វិមានរដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាល​នៅក្នុងសម័យ​តេជោ​សន្តិ​ភាព សម្រាប់កូនចៅជំនាន់ក្រោយបានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋ​ធម្ម​នុញ្ញ ជាសមិទ្ធផល និងជាចំណងដៃជាប្រវត្តិសាស្ត្រ ដែលកើតចេញ ពីកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ ដែលមានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ (ព្រះបរម​រតនកោដ្ឋ) និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរ​ជាតិ។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបង្ហាញទស្សនាទានស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញដែរថា ផ្អែក​លើ​ខ្លឹមសារ និងគោលទស្សនៈសំខាន់ៗ ដែលមានក្នុងរដ្ឋធម្មនុញ្ញ ស្ថាបត្យករបាន ធ្វើ​សំ​យោ​គ​បញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹម​សារនៃរដ្ឋ​ធម្មនុញ្ញ។ ក្នុងគោលគំនិតនេះ ស្ថាបត្យករបានរចនានូវវិមានមួយក្នុងទិដ្ឋភាព បដិរូបកម្ម ដោយ​​ការនាំយកទស្សនៈធម្មនុញ្ញនិយម មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យ កម្មដ៏កម្រ​មួយ ក្នុងសណ្ឋានជារូបភាពសំយោគរវាង ១៖ ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូប​នៃ​គុណតម្លៃទំនើប និង២៖ ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណ​តម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ វិមាននេះ នឹងបានក្លាយជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏ វិសេស​វិសាល​មួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង នៃសម្ដេចអគ្គមហាសេនាបតីតេជោ៕