(ភ្នំពេញ)៖ តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ គឺលោក ម៊ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងនាយប៉ុស្ដិ៍លោកវរសេនីយ៍ត្រី ញាណ ពុទ្ធា, ចៅសង្កាត់ឬស្សីកែវ និងនាយប៉ុស្ដិ៍លោកវរសេនីយ៍ត្រី តូច គឹមសុង, ព្រះសង្ឃ, មន្ត្រីរដ្ឋបាលខណ្ឌ-សង្កាត់, ស្មៀន, មន្ត្រីពាក់ព័ន្ធ, កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត (២សង្កាត់) ក្នុងចំណោម៧សង្កាត់ បានចលនាដើរតាមដងផ្លូវរើស និងប្រមូលរាល់កាកសំណល់សំរាមផ្សេងៗ ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សកម្មភាពយកចិត្តទុកដាក់សម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរបន្ថែមទៀតនេះ បានធ្វើឡើងក្នុងឱកាសអបអរសាទរទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ការកែប្រែគុណភាពដី-រហោស្ថានកម្ម-និងភាពធន់-នឹងគ្រោះរាំងស្ងួត» និងយុទ្ធនាការ «កម្ពុជាស្អាត-ខ្មែរធ្វើបាន» ស្ថិតនៅតាមបណ្ដោយផ្លូវតូច-ធំមួយចំនួន ក្នុងភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៤។

លោកចៅសង្កាត់ និងនាយប៉ុស្ដិ៍ បានលើកឡើងថា ការរៀបចំ និងការចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដ៏មានសារៈសំខាន់នេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែក ក្នុងបុព្វហេតុបរិស្ថាន។ បន្ថែមពីនេះ លោកចៅសង្កាត់ និងនាយប៉ុស្ដិ៍ មានសង្ឃឹមនិងជឿជាក់ថា ការប្រារព្ធទិវាបរិស្ថាននាពេលនេះដែរ នឹងក្លាយជាចលករ ដែលជំរុញឲ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយផាសុខភាព និងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប ឲ្យដូចពាក្យស្លោក៖

*ទី១៖ កម្ពុជាស្អាតខ្មែរធ្វើបាន
*ទី២៖ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
*ទី៣៖ យើងរួមកម្លាំងគ្នាដើម្បីការពារបរិស្ថានកម្ពុជា
*ទី៤៖ លាហើយថង់ប្លាស្ទិក។

អាជ្ញាធរ ក៏បានផ្ដោតទៅលើប្រធានបទចំនួន៣ទៀតរួមមាន៖

*ទី១៖ បំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងសិស្សនិស្សិត ឱ្យចូលរួមទាំងអស់គ្នា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ។ល។
*ទី២៖ ជំរុញការកាត់បន្ថយការប្រើថង់ប្លាស្ទិក ដោយប្រើថង់បរិស្ថានជំនួសវិញ
*ទី៣៖ ចូលរួមអនុវត្តវិធីសាស្ត្រទាំងបួនដើម្បីកាត់បន្ថយសំណល់ ប្លាស្ទិក។

បើតាមលោកចៅសង្កាត់ និងនាយប៉ុស្ដិ៍, ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនទៀតរួមមាន៖

*១-បង្កើនការយល់ដឹងដល់សាធារណៈជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឲ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន។
*២-ផ្សព្វផ្សាយដល់ប្រជាជនសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន។
*៣-លើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន។
*៤-ទទួលបានការគាំទ្រជាសកលដើម្បីធ្វើព្រឹត្តការណ៍នេះក្លាយជាយុទ្ធនាការមួយ ដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក។
*៥-ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋានរបស់ពួកគាត់ ដែលជាការចាប់ផ្តើមយុទ្ធនាការនេះ ធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត៕