(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា គុណតម្លៃរដ្ឋធម្មនុញ្ញប្រពៃណី និងគុណតម្លៃទំនើប គឺជាស្នូលគ្រឹះនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលនេះជាចំណុចដ៏ពិសេស ខណៈរដ្ឋធម្មនុញ្ញរបស់ប្រទេសនានាលើលោកនេះមិនមានឡើយ។

លោកថ្លែងបែបនេះ នៅថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាធម្មនុញ្ញ (អគារស-វិមានរដ្ឋចំការមន) ក្នុងឱកាសអញ្ជើញរៀបចំប្រារព្ធពីធីខួប ២៦ ឆ្នាំនៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៤)។

នៅក្នុងអង្គពិធីនោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបូកសរុបវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង ៣០ ឆ្នាំ កន្លងមកនេះ ដែលផ្តោតសំខាន់ទៅលើគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលគុណតម្លៃទាំងពីរនេះ គឺជាគ្រឹះសំខាន់ដែលនាំព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជា បានទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែបបស្ចិមលោក ដោយបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញទំនើបលើកដំបូងក្នុងឆ្នាំ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន៖ (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែកអំណាច និង (៤) នីតិរដ្ឋ ត្រូវបានយកមកផ្សាំជាមួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។

លោកថ្លែងទៀតថា ក្រោយការដួលរលំទៅនៃគ្រឹះធម្មនុញ្ញនិយមទំនើប ឆ្នាំ១៩៤៧ ដោយរដ្ឋប្រហារ ឆ្នាំ ១៩៧០ ប្រទេសជាតិយើងបានឆ្លងកាត់បទពិសោធន៍នៃការអនុវត្តរដ្ឋធម្មនុញ្ញដែលកំណត់របបនយោបាយខុសៗគ្នា ប៉ុន្តែពុំបានធ្វើឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនោះទេ ពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ បាននាំប្រទេសជាតិយើងឱ្យធ្លាក់ខ្លួនដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមឱនថយ។ រហូតមកដល់ការសម្រេចបាន កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបប្រទេសកម្ពុជាកសាងបានរដ្ឋធម្មនុញ្ញមួយដោយផ្អែកលើគោលការណ៍ធំៗជាមូលដ្ឋាន។

បើតាមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចារឹកនូវគុណតម្លៃរបស់សង្គមខ្មែរ ដែលមានជាប់ពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា របស់ខ្មែរផងដែរ។ ដូច្នេះឃើញថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញពហុនិយមដែលមានសារធាតុល្បាយ រវាងគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់សង្គមខ្មែរផ្ទាល់ ដែលពុំអាចកាត់ផ្តាច់បានពីកត្តាប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ ក្នុងអតីតកាលដ៏យូរលង់របស់កម្ពុជាបានឡើយ។

លោកថ្លែងថា ការដាក់បញ្ចូលគ្នានូវគុណតម្លៃ និងទស្សនទានធម្មនុញ្ញបែបទំនើប និងគុណតម្លៃខ្មែរនិយម ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បង្កើតឡើងនូវពហុសណ្ឋានជាទស្សនៈពហុនិយម។ ចំពោះការអនុវត្តគុណតម្លៃធម្មនុញ្ញនិយម នៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក មានការយល់ខុសគ្នាក្នុងចំណោមតួអង្គពាក់ព័ន្ធខ្លះ រវាងទ្រឹស្តី វិទូ និងប្រតិបត្តិករនៅលើទីលានសង្គមកម្ពុជាជាក់ស្តែង រវាងអ្នកនៅក្នុងមជ្ឈដ្ឋានជាតិ និងអ្នកនៅក្នុងមជ្ឈដ្ឋានអន្តរជាតិ ទាក់ទងអំពីដំណើរអនុវត្តប្រជាធិបតេយ្យសេរី ពហុបក្ស អំពីការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន អំពីទិដ្ឋភាពនៃដំណើរប្រព្រឹត្តទៅនៃអំណាចរដ្ឋទាំងបី អំពីការអនុវត្តនីតិរដ្ឋ និងបញ្ហាមួយចំនួនទៀត ដូចជាបញ្ហាជាប់ទាក់ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបកស្រាយច្បាប់។

លោកថ្លែងដែរថា ដូចនេះចំពោះបញ្ហាទាំងឡាយដូចរៀបរាប់នេះ គេពុំគួរមើលរំលង ឬបដិសេធតថភាពនោះទេ ប៉ុន្តែគេគួរតែលើកយកបញ្ហាទាំងនេះមកពិនិត្យពិភាក្សា និងដោះស្រាយរួមគ្នាដោយឈរលើស្មារតីយុត្តិធម៌ សច្ចធម៌ និងស្មារតីវិជ្ជមានដូចគ្នា គឺបំណងចង់ធ្វើឱ្យសម្រេចនូវគោលដៅធ្វើឱ្យក្លាយទៅជាការពិតជាក់ស្តែងនូវគុណតម្លៃធម្មនុញ្ញនិយម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែទោះក្នុងស្មារតីនេះក្តី ក៏គេគួរចងចាំថា ដើម្បីទៅដល់គោលដៅនោះ បើប្រៀបធៀបនឹងចម្ងាយផ្លូវ ឬរយៈពេលដើម្បីទៅដល់គោលដៅនោះប្រហែលជាពុំមែនចម្ងាយផ្លូវជិតពេកទេ ពិសេសចំពោះ ស្ថានភាពនៃប្រទេសកម្ពុជាដែលបានឆ្លងកាត់នូវការវិនាសអន្តរាយដ៏ធ្ងន់ធ្ងរបំផុត ស្ទើរតែបាត់បង់នូវអត្តសញ្ញាណ និងអរិយធម៌ជាតិរបស់ខ្លួនថែមទៀតផង។

លោកបន្ថែមថា ម្យ៉ាងទៀតដោយវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ឥរិយាបថសង្គម និងឥរិយាបថនយោបាយរបស់មនុស្សខ្មែរ ដែលជាវប្បធម៌ ជាទស្សនទានមានលក្ខណៈដោយឡែកពីវប្បធម៌នយោបាយរាប់សហស្សវត្សរ៍រៀងមករបស់លោកខាងលិច ដូច្នេះការបន្សាំគុណតម្លៃធម្មនុញ្ញនិយមទំនើបមកក្នុងសង្គមខ្មែរ ពិតជាត្រូវការពេលវេលាសមស្របមួយដើម្បីបង្កលក្ខណៈឱ្យគ្រប់តួអង្គនៅក្នុងសង្គមមានលក្ខណៈសម្បត្តិ និង សមត្ថភាពយល់ដឹងដោយត្រឹមត្រូវនូវគុណតម្លៃទំនើប និងស្គាល់តថភាពរបស់សង្គមខ្លួនឯង ស្គាល់អ្វីជាឧត្តមប្រយោជន៍ អ្វីជាគ្រោះថ្នាក់ចំពោះប្រទេសជាតិ ស្គាល់បន្ទាត់ដែលមិនត្រូវរំលងហួស ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍដោយសុខដុមរមនានូវគុណតម្លៃធម្មនុញ្ញ និយមទំនើបឱ្យចាក់ឫសរឹងមាំក្នុងសង្គមកម្ពុជា ទន្ទឹមនឹងចេះសម្របខ្លួនជាមួយបរិបទខ្មែរ និងថែរក្សាការពារឱ្យបានវប្បធម៌ ប្រពៃណីល្អរបស់ជាតិ។ ដើម្បីធ្វើការវាស់វែងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាឱ្យមានភាពយុត្តិធម៌ និងសមធម៌សមស្របសម្រាប់សង្គមខ្មែរ ចាំបាច់គេត្រូវគិតគូរថ្លឹងថ្លែងទៅតាមទស្សនទានតាមបែបបស្ចិមប្រទេសផង និងក៏ត្រូវគិតទៅដល់ចរិតលក្ខណៈប្រពៃណីរបស់ខ្មែរផងដែរ នោះទើបយើងអាចមានសុទិដ្ឋិនិយមនិងសមានចិត្តទូលំទូលាយក្នុងការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញ នៅកម្ពុជា។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏បានបញ្ជាក់ ផងដែរថា ដើម្បីប្រមូលផ្តុំនូវស្មារតីធម្មនុញ្ញនិយម វិមានរដ្ឋធម្មនុញ្ញ បាននិងកំពុងសាងសង់ឡើងតាមគុណតម្លៃនៃរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ចប់ការដ្ឋានសាងសង់ និងដាក់សម្ពោធក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ តាមការរំពឹងទុក។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងដាក់ចេញនូវទិសដៅការងារ និងអនុសាសន៍ដឹកនាំមួយចំនួនសម្រាប់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញបន្តអនុវត្ត និងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាខិតខំបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួនរហូតទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានណែនាំឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបន្តសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ចំពោះមុខការត្រៀមបន្តចុះទៅផ្សព្វផ្សាយរដ្ឋធម្មនុញ្ញទៅតាមគោលដៅពាក់ព័ន្ធ ២៥ រាជ ធានី ខេត្ត ដែលនឹងគ្រោងធ្វើនៅសប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៤។

នៅចុងបញ្ចប់នៃអង្គពិធី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានថ្លែងបញ្ជាក់ផងដែរថា ឆ្លងកាត់ការបំពេញភារកិច្ចកន្លងមក ក្រុមប្រឹក្សាធម្មនុញ្ញ ពិតជាមានមោទនភាពនឹងលទ្ធផលការងារដែលនេះគឺជាការយកចិត្តទុកដាក់ខិតខំរួមគ្នា ជាពិសេស ការជឿជាក់លើសក្តានុពលនៃធនធានមនុស្ស និងបទពិសោធនៃមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញទាំងអ្នកចាស់ និងមន្រ្តីរើសចូលថ្មី ដើម្បីឆ្ពោះទៅសម្រេចទិសដៅការងារថ្មីៗបន្ថែមទៀត៕