(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លី ណាវុឍ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលកម្មវិធីនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានគូសបញ្ជាក់ពីសារសំខាន់នៃការចុះអនុស្សរណៈរវាងស្ថាប័នទាំងពីរដែលនឹងជំរុញ និងចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើនបន្ថែមទៀតខណៈដែលគ្រឹះស្ថានមានវិសាលភាពធំទូលាយ និងសម្បូរបែបលើកម្មវិធីសិក្សា។

ជាមួយគ្នានេះ លោក លី ណាវុឍ្ឍ បានសម្តែងក្តីសប្បាយរីករាយចំពោះការចុះអនុស្សរណៈជាមួយនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាស្ថាប័នដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយតាមរយៈការកិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យសាកលវិទ្យាល័យមានវិសាលភាពកាន់តែទូលាយលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍជំនាញនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ ភាគីទាំងពីរក៏នឹងមានភារៈកិច្ចធ្វើការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្ស-និស្សិត ការផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីសិក្សា ឱកាសការងារ និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវផងដែរ៕