(ស្វាយរៀង)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពីបក្សរបស់ខ្លួនប្រៀបដូចទឹកជំនន់នារដូវវស្សា ព្រោះតែក្តីខកចិត្ត ខកបំណង បាត់បង់ជំនឿចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស ការបែកបាក់ខ្ចាត់ខ្ចាយក្នុងចំណោមមេដឹកនាំបក្សប្រឆាំង។ ជាពិសេសការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ទណ្ឌិត សម រង្ស៉ី។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន៧នាក់ទៀត បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយ។ មូលហេតុនៃការសម្រេចចិត្តដើរចេញពីបក្សនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមកពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការបែកបាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។
ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន បានគូសបញ្ជាក់ថា ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹងមានការចម្រើន។ តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងបានចុះខ្សោយពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នារត់ចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។ ជាពិសេសពួកគេមានការខឹងសម្បាយ៉ាងខ្លាំងនឹងទណ្ឌិត សម រង្ស៉ី ប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានប្រយោជន៍សម្រាប់ជាតិ។
ទន្ទឹមការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ ពួកគេ ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕