(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការតក់ស្លុតជាខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារដល់ក្នុងផ្ទះ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមរយៈ Facebook នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះទាំងពីរនាក់ ដែលជាគូដណ្ដឹងនឹងគ្នា ត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។

ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។

ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។

យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល»

សូមរលឹកថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ស្ថិតនៅផ្ទះរបស់ជនរងគ្រោះក្នុងបុរីប៉េងហួតបឹងស្នោរ។ ហេតុការណ៍បានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។

ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាន ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ និងមានងារជា ឧកញ៉ា ផងដែរ៕