(កំពង់ស្ពឺ)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពី បក្សរបស់ខ្លួនប្រៀបដូចទឹកបាក់ទំនប់ ព្រោះតែក្តីខកចិត្ត ខកបំណង បាត់បង់ ជំនឿ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស ការបែកបាក់ខ្ចាត់ខ្ចាយ ក្នុងចំណោម មេដឹកនាំបក្សប្រឆាំង។ ជាពិសេសការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ ទណ្ឌិត សម រង្ស៉ី។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺចំនួន១៧រូបទៀត ប្រកាសដើរចេញពីបក្ស និងសុំរួមរស់ជាមួយបក្សប្រជាជនកម្ពុជាទៀត បានសម្រេចចិត្តដើរចេញពីបក្ស ដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយនោះ។
មូលហេតុនៃការសម្រេចចិត្តដើរចេញពីបក្សប្រឆាំងនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមកពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការបែកបាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។
ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹងមាន ការចម្រើន។ តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងបានចុះខ្សោយពីមួយឆ្នាំទៅមួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នារត់ចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។
ទន្ទឹមការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ ពួកគេ ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកស្ម័គ្រស្មោះនឹងបក្សប្រឆាំងទាំងអស់នេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
បន្ថែមពីលើនេះ ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕