(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹង ស្តីពីការរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបណ្ណបើកបរត្រូវបានដកពិន្ទុអស់មួយចំនួន និងការរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរជាថ្មី ឡើងវិញសម្រាប់អ្នកបើកបរដែលបណ្ណបើកបរអស់ពិន្ទុ ឬពិន្ទុសូន្យ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេលនៃការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រសួងបានសង្កេតឃើញថាមានបណ្ណបើកបរមួយចំនួនត្រូវបាន ដកពិន្ទុ និងមួយចំនួនទៀតបានអស់ពិន្ទុ។

ក្នុងន័យសម្រួលដល់សាធារណជនដែលមានបំណងរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម និងរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរឡើងវិញ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈដែលសាធារណជនអាចដាក់ពាក្យស្នើសុំរៀនបំប៉ន រួមមានដូចខាងក្រោម៖

១៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
២៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់
៣៖ ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ (អ៉ីអន១)
៤៖ ផ្សារទំនើបអ៉ីអនម៉លសែនសុខ (អ៉ីអន២)
៥. ផ្សារទំនើបអ៉ីអនម៉លមានជ័យ (អ៉ីអន៣)
៦៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល៕