(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣) សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ៣គោលដៅផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិន វៀតណាម និងខ្មែរបានចំនួន៩នាក់ ជាមួយថ្នាំញៀនជាង ៦០គីឡូក្រាម និងសារធាតុគីមីផ្សំជាង៥០គីឡូក្រាម។

ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនានេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីកែច្នៃ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី២ នៅក្នុងផ្ទះពុំមានលេខ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី៣ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស៩នាក់ (ស្រី២នាក់) (វៀតណាម២នាក់ ចិន៦នាក់ និងខ្មែរ១នាក់)៖
១៖ ឈ្មោះ ដូ ធានក្វាង (DO THIEN QUANG) អាយុ២៥ឆ្នាំ ជនជាតិវៀតណាម
២៖ ឈ្មោះ ឡេ ធីអាញ់ហុង (LE THI ANH HONG) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
៣៖ ឈ្មោះ ចាង ឈូអ៊ី (ZHANG CHU YU) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន
៤៖ ឈ្មោះ ស៊ាវ ឈីហុង (XIAO QI HONG) អាយុ៣៣ឆ្នាំ ជនជាតិចិន
៥៖ ឈ្មោះ ថាង ចាងវៃ (TANG ZHANG WEI) អាយុ៣៨ឆ្នាំ ជនជាតិចិន
៦៖ ឈ្មោះ ជូ ស៊ាវឡុង (ZHU XIAO LONG) អាយុ៣៦ឆ្នាំ ជនជាតិចិន
៧៖ ឈ្មោះ ថាង ចាន់ពីង (TANG ZHAN BING) អាយុ៣៥ឆ្នាំ ជនជាតិចិន
៨៖ ឈ្មោះ យ៉ាង ឆិនស្យុង (YANG CHEN XIONG) អាយុ៥៣ឆ្នាំ ជនជាតិចិន
៩៖ ឈ្មោះ ហេង រិទ្ធថា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។

ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖
១៖ គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៥៤២៣.០២ក្រាម
២៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ៤៦ ០៩០ក្រាម
៣៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៩៣៣៩.៣០ក្រាម
៤៖ សារធាតុគីមីផ្សំទម្ងន់សរុប ៥២,៨៤៧ក្រាម។ គ្រឿងញៀនសរុបទម្ងន់ ៦០៨៥២.៣២ក្រាម (៦០គីឡូក្រាម និង១៤៦.៦៥ក្រាម)។

សម្ភារៈដទៃទៀតមាន៖ រថយន្តចំនួន៥គ្រឿង អាវុធខ្លីចំនួន២ដើម លុយដុល្លារចំនួន១៥,០០០ដុល្លារ នាឡិកាចំនួន៣គ្រឿង ខ្សែកចំនួន១៤ខ្សែ ចិញ្ជៀនចំនួន ១១វង់ កងដៃកងជើងចំនួន ៤កង ទូរស័ព្ទចំនួន១១គ្រឿង, iPad ចំនួន១គ្រឿង និងម៉ាស៉ីនកែច្នៃវេចខ្ចប់មួយចំនួនធំ។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី​។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕